អាមេរិក ប្រគល់រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» មកកម្ពុជាវិញ ក្រោយរឹបអូសបានពីពលរដ្ឋខ្លួននៅទីក្រុងញូវយ៉ក

(ភ្នំពេញ) សហរដ្ឋអាមេរិក បានសម្រេចប្រគល់រូបចម្លាក់ដ៏មានតម្លៃមួយ «ព្រះស្កន្ទគង់លើក្ងោក» មកប្រទេសកម្ពុជាវិញ បន្ទាប់រឹបអូសបានពីប្រជាពលរដ្ឋខ្លួននៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក។ សម្បត្តិវប្បធម៌ខ្មែរនេះ នឹងបញ្ជូនមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។

ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ បានអះអាងថា វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែររ នៅសតវត្សរ៍ទី១០.ស។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោកនេះ» គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ។ ព្រះស្កន្ទ ទេពនៃសង្គ្រាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោនៅប្រាសាទក្រចាប់។

លោកស្រីរដ្ឋមន្ដ្រីបានអះអាងទៀតថា ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំកន្លងមកក្នុងអំឡុងសម័យសង្គ្រាម។

 

រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំមានក្តីរំភើបឥតឧបមា នៅពេលដែលយើងអាចទទួលបានមកនូវវិញ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើនដែលត្រូវបាននាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះឥសូរ និងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះហើយជឿជាក់ថា បានយកចេញពីកន្លែងតែមួយជាមួយនឹងរូបចម្លាក់ព្រះស្កន្នគង់លើក្ងោក នៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds