WHO ណែនាំឲ្យប្រើថ្នាំរបស់ក្រុមហ៊ុន Roche និង Sanofi រួមជាមួយថ្នាំ corticosteroids ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយអត្រាស្លាប់
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ថ្នាំ អេកធិមរ៉ា (Actemra) របស់ក្រុមហ៊ុនឱសថ រ៉ូចឆ៍ (Roche) និងថ្នាំ ខេវហ្សារ៉ា (Kevzara) របស់ក្រុមហ៊ុន សាណូហ្វី (Sanofi) រួមជាមួយថ្នាំប្រភេទ ខ័រទីខូស្ទែរ៉យដ៍ (corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 បន្ទាប់ពីទិន្នន័យបង្ហាញថា ថ្នាំទាំងនេះអាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
ក្រុមអ្នកជំនាញផ្នែកឱសថព្យាបាលជំងឺនៃអង្គការ WHO បានឱ្យដឹងថា ការព្យាបាលដោយប្រើប្រាស់ថ្នាំខាងលើ ក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានអាការៈធ្ងន់ធ្ងរ អាចជួយរារាំងការរលាក ក៏ដូចជាកាត់បន្ថយហានិភ័យនៃការស្លាប់ និងភាពចាំបាច់ដែលត្រូវការបំពាក់ ឧបករណ៍ជំនួយការដកដង្ហើមផងដែរ។
ដោយឡែកបើតាមការវិភាគរបស់ WHO ការប្រើប្រាស់ថ្នាំ Actemra ឬថ្នាំ Kevzara រួមជាមួយប្រភេទថ្នាំ corticosteroids ដូចជាថ្នាំ ដិចហ្សាមេថាសុន (dexamethasone) គឺអាចជួយកាត់បន្ថយហានិភ័យស្លាប់មកនៅត្រឹម ២១% ធៀបទៅនឹង ២៥% នៃអ្នកជំងឺដែលទទួលការព្យាបាលតាមស្ដង់ដារទូទៅ។
គួរបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់អង្គការ WHO ធ្វើឡើងដោយផ្អែកលើការសិក្សាលើអ្នកជំងឺ COVID-19 ចំនួន ១០,៩៣០នាក់ ក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យ ឃីង ខូលីច ទីក្រុងឡុងដ៍ (King’s College London), សាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol), សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងមូលនិធិ ហ្គាយ ថូម៉ាស់ NHS (Guy’s and St Thomas’ NHS Foundation Trust) នៅអង់គ្លេស៕ ផ្តល់សិទ្ធិដោយ៖ freshnews