ឯកឧត្ដម ពេជ្រ ស្រស់៖ សម្រាប់គណបក្សយុវជនកម្ពុជា យើងមិនដើរសន្យាចោលទេ គឺយើងធ្វើតែម្តង

(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ​ ស្រស់ បានអះអាងថា គណបក្សយុវជនកម្ពុជា ដែលមានឯកឧត្ដមជាប្រធាន មិនដើរសន្យាចោល​នោះទេតែធ្វើតែម្តង និងចូលរួមជួយប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដោយគ្មានលក្ខខណ្ឌ។

ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា គណបក្ស​នយោ​បាយ​នៅកម្ពុជា កំពុងតែបង្កើតឡើងយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ ដូច្នេះគឺប្រជាពលរដ្ឋមានជម្រើសច្រើនណាស់ ក្នុងការ​ជ្រើស​រើសមេដឹកនាំ ឬគណបក្សនយោបាយណាមួយ ដែលខ្លួនស្រលាញ់។ ក៏ប៉ុន្តែសូមប្រជា​ពលរដ្ឋ គិតឲ្យបានហ្មត់ចត់​មុននឹង​ធ្វើការសម្រេចចិត្តជ្រើសរើស ដើម្បីកុំឲ្យស្តាយក្រោយ ដោយរើសក្រុមណាដែលនៅជាមួយយើងគ្រប់កាលៈទេសៈ ហើយចាំជួយយើងនៅពេលយើងជួបទុក្ខ ឬជួបរឿងអយុត្តិធម៌។

ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរបន្តថា​ «សម្រាប់គណបក្សយុវជនកម្ពុជា យើងមិនដើរសន្យាចោលទេ គឺយើងធ្វើតែម្តង និង​ចូលរួមជួយបងប្អូន ដែលជាម្ចាស់ឆ្នោតដោយគ្មានលក្ខខណ្ឌ»។ គួរកត់សម្គាល់ថា កន្លងមកគណបក្ស​យុវជនកម្ពុជា ដែលមានឯកឧត្ដម ពេជ្រ ស្រស់ ជាប្រធានតែងតែឈឺឆ្អាលជាបន្តបន្ទាប់ ទៅលើបញ្ហាដែលកើតឡើង​ក្នុង​សង្គម ជាពិសេស​ទៅលើបញ្ហាជំលោះដីធ្លី ដែលប្រជាពលរដ្ឋបានស្នើសុំ ឲ្យជួយអន្តរាគមន៍ក្នុងនាមឯកឧត្ដម ពេជ្រ​ ស្រស់ ជាសមាជិកឧត្ដ​ម​ក្រុម​ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds