ឯកឧត្ដម ពេជ្រ ស្រស់៖ ទណ្ឌិត សម រង្ស៊ី មិនអាចជួយកែឈ្មោះឪពុកលោក ឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ
(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនអាចជួយស្ដារកេរ្ដិ៍ឈ្មោះ ឪពុករបស់ខ្លួនឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ។ មិនត្រឹមតែមិនអាច ជួយស្ដារនោះទេ ថែមទាំងអតីតមេបក្សប្រឆាំងរូបនេះ កំពុងតែបង្កើតពូជ ក្បត់ជាតិក្នុងវង្សត្រកូលរបស់ខ្លួន ឲ្យជាប់នៅក្នុងប្រវត្តិសាស្រ្តខ្មែរ នៅគ្រប់ជំនាន់តែម្តង។
ការលើកឡើងរបស់ឯកឧត្ដម ពេជ្រ ស្រស់ ខាងលើនេះ គ្រាដែលទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហោះសារប្រមាថ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីឃើញការបង្ហោះនេះភ្លាម ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរលើកឡើងនៅក្នុងគណនីហ្វេសប៊ុកថា «លោក Sam Rainsy បាននឹងកំពុងដើរជាន់ដានឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនលោកធ្លាក់ក្នុងជ្រោះអវិជ្ជាដែលពិបាកព្យាបាល ដោយលោក Sam Rainsy ក៏បានដឹងហើយថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាជំពូកទី2 មាត្រា៧ បានចែងច្បាស់ណាស់ថា អង្គ ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះអង្គមិនអាចនរណារំលោភបំពានបានឡើយ ដូច្នេះការប្រមាថរបស់លោក Sam Rainsy លើអង្គព្រះមហាក្សត្រគឺជាការប្រមាថ “ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយបានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ»។
ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរបន្តទៀតថា «ម្យ៉ាងវិញទៀតលោក Sam Rainsy មិនអាចជួយកែឈ្មោះឪពុកលោកឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ ផ្ទុយទៅវិញលោក Sam Rainsy កំពុងតែបង្កើតពូជក្បត់ជាតិ ក្នុងវង្សត្រកូលរបស់លោក ឲ្យជាប់នៅក្នុងប្រវត្តិសាស្រ្តខ្មែរ នៅគ្រប់ជំនាន់តែម្តង»៕