ឯកឧត្ដម ពេជ្រ ស្រស់៖ ការដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុត!
(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា គឺត្រូវតែប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុត និងមិនត្រូវប្រើអារម្មណ៍នោះឡើយ។
ការលើកឡើងនេះ គ្រាដែលអាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការឲ្យរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ តាមដងទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ទោះជាបែបនេះក្ដី គេមិនដឹងថា អ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយនោះ ត្រូវបំលាស់ទីដល់ទីតាំងណានៅឡើយទេ។
ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា «ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុត និងមិនត្រូវប្រើអារម្មណ៍នោះទេ ហើយកិច្ចការងារនេះ បើធ្វើមិនបានល្អទេ គឺកម្ពុជាអាចនឹងជាន់ដានប្រវត្តិសាស្រ្តមិនខានឡើយ»។
ឯកឧត្ដម ពេជ្រ ស្រស់ ដែលគេដឹងថាជាអ្នកនយោបាយ ដែលតែងតែគិតគូរអំពីបញ្ហាសង្គម ជាពិសេសបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជានោះ បានលើកឡើងទៀតថា «ខ្មែរសាមគ្គី ខ្មែរខ្លាំងខ្មែរបែកបាក់ ខ្មែរស្លាប់ ហើយសម័យលង្វែកវិនាសខ្ទិចខ្ទី គឺផ្តើមចេញពីការបែកបាក់ផ្ទៃក្នុងរបស់ជាតិ»។
សូមជម្រាបថា ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក នៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញបានប្រមាណ១៣៨១កន្លែង។ ក្នុងនោះ ក៏មានអ្នកស្ម័គ្រចិត្ត រុះរើដោយខ្លួនឯងផងដែរ៕