លោក ពេជ្រ ស្រស់ ផ្ដល់ទស្សនទានសំខាន់ៗ៣ចំណុចសម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានផ្ដល់ទស្សនទានសំខាន់ៗចំនួន៣ចំណុចដល់រាជរដ្ឋាភិបាលដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយពេលវិបត្តិជំងឺកូវីដ១៩ត្រូវបិទបញ្ចប់ខណៈយន្តការទាំង៣ចំណុចនោះរួមានយន្តការរយៈពេលខ្លី មធ្យម និងវែង។

សម្រាប់យន្តការនីមួយៗត្រូវបាន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានធ្វើការបកស្រាយនិងពន្យល់ដូចខាងក្រោមនេះ៖

១.យន្តការរយៈពេលខ្លី  

ក/ប្រជាពលរដ្ឋខ្មែរទាំងអស់ បូករួមជនបរទេសផងដែរ ត្រូវតែចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា

ឲ្យបាន60ឬ70ភាគរយនៃប្រជាជនកម្ពុជាសរុប ដើម្បីប្រជាជនទូទៅរស់នៅតាមគន្លងដូចដើម។

ខ/រដ្ឋាភិបាលត្រូវតែមានគោលការណ៍ជាក់លាក់ឲ្យប្រជាជនដែលបានចាក់វ៉ាក់សាំងហេីយ គឺមាន

សិទ្ធិពេញលេញ  ក្នុងការធ្វើដំណើរ  ធ្វើអាជីវកម្ម  ឆ្លង ស្រុក-ខេត្ត  ឲ្យមានប័ណ្ណបញ្ជាក់ថា បានចាក់ វ៉ាក់សាំងរួចរាល់

គ/រដ្ឋាភិបាលត្រូវតែមានវិធានការម៉ឺងម៉ាត់ចំពោះជនបរទេស ជាពិសេស គឺជាមួយជនជាតិចិន និង

វៀតណាម ពីព្រោះភាគច្រេីនពួកនេះជាភ្នាក់ងារ ចម្លងកូវីដ១៩ ហើយវាមិនមែនជាការរេីសអេីងជាតិ 

សាសន៍អ្វីនោះទេ ក៏ប៉ុន្តែវាជាការយកចិត្តទុកដាក់អំពីសុវត្ថិភាពនិងសុខភាពសាធារណ:។

គ/ រដ្ឋាភិបាលគួរបន្តកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងស្ថាប័នរដ្ឋណាមិនចាំបាច់រយៈពេល 

២ឆ្នាំទៅមុខបន្តទៀត 

២.  យន្តការរយៈពេលមធ្យម  

ក/ គឺត្រូវសង្រ្គោះដល់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការអនុគ្រោះការយកពន្ធរយៈ

ពេល ២ ឆ្នាំ ទៅមុខ ពីព្រោះ សហគ្រាសបែបលក្ខណៈគ្រួសារ ឬ ក្រុមហ៊ុន ខ្នាតតូច នៅក្នុង

ស្រុក ភាគច្រើនពួកគេក្ស័យធន់ ដូច្នេះរដ្ឋត្រូវតែជួយចូក-ចែវ ឱ្យរស់ឡើងវិញ ដើម្បីពួកគេ

មានលទ្ធភាពស្តារនូវជីវភាពក្រុមហ៊ុនពួកគេ។ហើយរដ្ឋត្រូវសម្របសម្រួលជាមួយនឹងធនាគារ  

ជាតិ ក៏ដូចជាធនាគារឯកជនឲ្យផ្តល់ឱកាសដល់សហគ្រាសខ្នាតតូចមានឱកាសខ្ចីប្រាក់ ដោយ

បង់ការប្រាក់កម្រិតទាប និងបង់ក្នុងចំនួនតិចតួចប្រចាំខែ រីឯសហគ្រាសខ្នាតតូច យើងផ្តោតលើ

វិស័យទេសចរណ៍ ឧហ្សាហកម្ម កសិកម្ម។ល។

ខ/ ចំណុចមួយទៀតគឺបង្កើតការឲ្យយុវជនមានការងារធ្វើនៅក្នុងដំបន់ឲ្យបានយ៉ាងតិច 70% 

នៃកម្លាំងយុវជនសរុបនៅក្នុងប្រទេសដើម្បីឲ្យយុវជនចូលរួមស្តារនូវសេដ្ឋកិច្ចជាតិ  តាមរយៈ

ចំណេះ ជំនាញ និងកម្លាំងពលកម្មរបស់ពួកគេ។

គ/ រដ្ឋាភិបាលត្រូវស្វែងរកទីផ្សារកសិកម្មបន្ទាន់មួយ ដើម្បីជួយដល់កសិករ និងត្រូវបំផុសចលនា

ប្រើប្រាស់នូវផលិតផលក្នុងស្រុកឲ្យមានល្បឿន លឿនបំផុត ព្រមទាំងលើកស្ទួយដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ដើម្បីផ្តល់ការងារដល់អ្នកស្រុក

 

ឃ/ លើកទឹកចិត្តដល់ក្រុមហ៊ុនបរទេស ដោយបន្ធូរបន្ថយពន្ធមិនចាំបាច់រយៈពេល២ឆ្នាំទៅមុខ

និងសម្រួលការងាររដ្ឋបាលផ្សេងៗកុំឲ្យមានភាពស្មុគស្មាញ ដែលជាហេតុធ្វើឲ្យមានការរាំងស្ទះ

ទៅដល់ដំណើរការមុខជំនួញរបស់ពួកគេ។

៣.យន្តការរយៈពេលវែង  

ក/ ពន្លឿនល្បើនលុបបំបាត់អំពើពុករលួយគ្រប់វិស័យដើម្បីបង្កើនអ្នកវិនិយោគិនបរទេសសំខាន់ៗ 

និងជួយដល់អ្នកវិនិយោគក្នុងស្រុកផងដែរ។

ខ/ វិស័យកសិកម្ម

• ជួយកសិករឲ្យមានប្រភពទឹកឲ្យមានគ្រប់គ្រាន់ដើម្បីអាចបង្កបង្កើនផលលើសពី១ដងក្នុងមួយរដូវ

•ជំរុញនិងលើកទឹកចិត្តកសិករផ្តោតលើការដាំបន្លែដំណាំហូបផ្លែ និង ការចិញ្ចឹមសត្វ ដើម្បីលក់ក្នុង

ទីផ្សារសហគមន៍ដែលនៅក្បែរពួកគេ

• ក្រសួងពាក់ព័ន្ធគួរផ្តល់ជំនួយដល់កសិករទាំងគ្រាប់ពូជ បច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារដល់

កសិករទាំងឡាយដែលត្រូវការជាចាំបាច់។

• ជំរុញការកែច្នៃកសិផលដើម្បីនាំចេញជាផល សម្រេចចូលទៅទីផ្សារបរទេស។

គ. វិស័យឧស្សាហកម្ម 

• ថែរក្សារោងចក្រកាត់ដេរដែលមានស្រាប់ឲ្យដំណើរការល្អ និងបន្តស្វែងរកវិនិយោគថ្មីបន្ថែម

• ស្វែងរកអ្នកវិនិយោគរោងចក្រកែច្នៃវត្ថុធាតុដើមចម្រុះផលិតផលឲ្យមកវិនិយោគនៅកម្ពុជា 

ដើម្បីជួយដល់តម្លៃផលិតផលក្នុងស្រុក និងបង្កើនការងារដល់យុវជន និងពលរដ្ឋខ្មែរ។

ឃ. វិស័យទេសចរណ៍

• បង្កើតដំបន់ទេសចរណ៍ឆ្នៃប្រឌិតឲ្យបានច្រើននិងសម្បូរបែប ដែលផ្តល់ជម្រើសដល់អ្នកទេស

ចរណ៍ឲ្យមានការជ្រើសក្រៅពីដំបន់ដែលយើងមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។

ង. វិស័យសំណង់ និងអចលនទ្រព្យ

• ទាក់ទាញអ្នកវិនិយោគបន្ថែមលើវិស័យនេះ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងសង្កត់ធ្ងន់ថា«គណបក្សយុវជនកម្ពុជាយើងបានប្រមើលឃើញថាយន្តការ៣ធំនេះសំខាន់ណាស់សម្រាប់ជួយសង្រ្គោះនិងស្ដារសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ននិងក្រោយចប់វិបត្តិកូវីដ១៩»។

ជាមួយគ្នានេះផងដែរ លោក ពេជ្រ ស្រស់ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះដើម្បីកម្ពុជាបានវិលទៅរកប្រក្រតីភាពវិញឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds