លោក ពេជ្រ ស្រស់ផ្ដល់ទស្សនៈឲ្យបិទតំបន់ដែលមានមេរោគកូវីដ១៩ចរាចរច្រើននិងផ្អាករាល់ការជួបជុំប្រសើរជាងបិទរាជធានី ខេត្ត
ភ្នំពេញ៖ស្របពេលដែលស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍មិនទាន់មានសញ្ញាថមថយនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានផ្ដល់ជាទស្សនៈឲ្យអាជ្ញាធរបិទប្លុកឬតំបន់ណាដែលមានមេរោគកូវីដ១៩ចរាចរច្រើននិងផ្អាករាល់ការជួបជុំដើម្បីកាត់ផ្ដាច់ការចម្លងប្រសើរជាងបិទរាជធានី ខេត្ត ។
បើតាមលោក ពេជ្រ ស្រស់ ការធ្វើបែបនេះគឺដើម្បីសម្រួលឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបានក្នុងគ្រាលំបាកព្រោះវិធានការបិទរាជធានី ខេត្ត ក្រុង វាស្ទើរតែហួសពេលបាត់ទៅហើយដោយសារពេលនេះមេរោគកូវីដ១៩បានចរាចរទៅដល់ខេត្តមួយចំនួនរួចបាត់ទៅហើយ។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងបញ្ជាក់ថា «បិទខេត្តក៏វាអត់បានផលអីដែរឥឡូវនេះដោយសារតែមេរោគ(កូវីដ១៩)បានចរាចរទៅដល់ខេត្តមួយចំនួនហើយ មានតែវិធានការស្រាវជ្រាវរកមុខសញ្ញាក៏ដូចជាបិទតំបន់ដែលមានកូវីដ១៩ចរាចរនៅតំបន់នោះ។ អាហ្នឹងគឺយើងថ្លឹងថ្លែងសម្រួលដល់បងប្អូនដទៃទៀតប្រកបមុខរបរបើសិនយើងបិទខេត្តទាំងអស់យើងអត់ដឹងថាមេរោគនោះមានវិសាលភាពគ្របដណ្ដប់ទូទាំងខេត្តឬអត់»។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៣៧៧ នាក់,អ្នកជាសះស្បើយចំនួន១១៧៦នាក់, អ្នកកំពុងព្យាបាលចំនួន១១៨៦ នាក់ និងអ្នកស្លាប់ចំនួន១១ នាក់៕