Thierry Henry បានដាក់ CV ទៅកាន់ក្លឹបលីគកំពូលមួយនៅប៊ែលហ្ស៊ិក

វីរៈបុរសបាល់ទាត់របស់កាំភ្លើងធំ Arsenal លោក Thierry Henry ក្រោយពីទំនេរពីការងារមួយរយៈមក ពេលនេះបានចាប់អារម្មណ៍ដោយដាក់ពាក្យការងារទៅកាន់ក្លឹប RSC Anderlecht ជាសមាជិកនៃលីគកំពូលប៊ែលហ្ស៊ិក។

ក្លឹប RSC Anderlecht ទើបតែបណ្តេញលោក Hein Vanhaezebrouck ចេញពីតំណែងកាលពីចុងឆ្នាំ២០១៨ កន្លងមក ខណៈបច្ចុប្បន្នក្លឹបមិនទាន់បានជ្រើសរើសអ្នកកាន់តំណែងនេះឡើយ ហេតុដូច្នេះហើយបានជា Thierry Henry បានដាក់ពាក្យចង់សាកល្បងចូលប្រឡូកធ្វើជាអ្នកចាត់ការទូទៅនេះ។

យ៉ាងណាក៏ដោយ ខាងប្រធានក្លឹបនៅប៊ែលហ្ស៊ិកខាងលើនេះ ធ្លាប់បានបង្ហើបថាមិនទាន់ចង់ផ្តល់តំណែងនេះទៅបុគ្គលរូបណាមួយឡើយ ប៉ុន្តែរង់ចាំដល់រដូវកាលថ្មីជាមុនសិន។

ក្រឡេកទៅមើល Thierry Henry ឯណោះវិញ ក្រោយពីធ្លាប់កាន់តំណែងនៅក្លឹបបារាំង AS Monaco បានត្រឹមតែ១ត្រីមាស ដោយការដឹកនាំមិនសូវបានល្អក៏ត្រូវបណ្តេញចេញពីតំណែងវិញ។ មកទល់ពេលនេះរូបគាត់ស្ថិតនៅទំនេរពីការងារនៅឡើយ ខណៈក៏ធ្លាប់មានក្លឹបនៅសហរដ្ឋអាមេរិក New York Red Bull ទាក់ទងចង់ផ្តល់ឳកាសឲ្យដឹកនាំក្លឹបផងដែរ៕

អត្ថបទ ៖គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds