Neymar ជាប់ពិន័យ៣ប្រកួតនៅ UCL ព្រោះជេរអាជ្ញាកណ្ដាលអត់ចេះមើលបាល់
ខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG នឹងជាប់ពិន័យមិនបានលេង៣ប្រកួតនារដូវកាលក្រោយ ក្នុងពានរង្វាន់ UEFA Champions League ដោយសារតែរឿងជេរអាជ្ញាកណ្ដាល។
PSG បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងក្រុម Manchester United ។ ក្នុងការប្រកួតនោះដែរ Neymar មិនបានលេងទេ ដោយគ្រាន់តែបានត្រឹមមើលប៉ុណ្ណោះ ព្រោះកំពុងមានរបួស។ ប្រកួតចាញ់ក្រុម Man Utd នោះហើយ បានធ្វើឱ្យកីឡាករប្រេស៊ីលមិនសប្បាយចិត្តឡើយ ហើយស្ដីបន្ទោសទៅលើអាជ្ញាកណ្ដាលថែមទៀត។ រូបគេបានចោទអាជ្ញាកណ្ដាលក្នុងទីលាននៃប្រកួតនោះថា ជាមនុស្សមិនបានការ មិនយល់ពីបាល់ទាត់ឡើយ។
សម្ដីទាំងនេះហើយ ធ្វើឱ្យ UEFA ពិន័យរូបគេ ដែលមើលងាយមកលើអាជ្ញាកណ្ដាលកាត់ក្ដីក្នុងការប្រកួត។ ការពិន័យនោះ គឺ Neymar នឹងមិនអាចលេង៣ប្រកួតឯណោះ នារដូវកាលក្រោយក្នុងពានរង្វាន់ UEFA Champions League ៕
អត្ថបទ៖ គឹមស្រ៊ិន