លោក ពេជ្រ ស្រស់និយាយទៅកាន់អ្នកលេងហ្វេសប៊ុកថាកុំចង់ល្បីគ្រប់រឿងពេក សូម្បីតែរឿងព្រះសង្ឃក៏ចង់តោងឲ្យល្បីដែរ
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានស្នើទៅកាន់អ្នកលេងហ្វេសប៊ុកថាកុំចង់ល្បីគ្រប់រឿងពេក សូម្បីតែរឿងព្រះសង្ឃក៏ចង់តោងឲ្យល្បីដែរ សូមអ្នករាល់គ្នាត្រូវចាំថា គ្រួសារមានវិន័យ ប្រទេសមានច្បាប់ ពេលខ្លះមេគ្រួសារដាក់ពិន័យសមាជិកគ្រួសារណាខូចទេ ហើយក៏មិនមែនដាក់ពិន័យអ្នកល្អជាឯណា។
លោក ពេជ្រ ស្រស់ បាននិយាយបែបនេះក្រោយមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបន្តបង្ហោះនិងចែករំលែកនូវវីដេអូ ព្រះចៅអធិការវត្តរាជបូណ៌ ព្រះតេជគុណ ពិន សែម ប្រើអំពើហិង្សា ទៅលើភិក្ខុនិងសាមណេរ នឹងរំពាត់ផ្តៅនោះប៉ុន្តែ្រះចៅអធិការវត្តរាជបូព៌បានមានសង្ឃដីកាបកស្រាយថា តាំងពីដើមមកក្នុងវត្ត រាជបូណ៌តែងតែមានវិន័យតឹងតែង ហើយការដាក់វិន័យតឹងតែងនេះ គឺចង់ឲ្យភិក្ខុនិងសាមណេរ ទាំងនោះ មានភាពរីកចម្រើន និងបានយល់ដឹងពីផ្លូវព្រះធម៌បានល្អ។ ដូច្នេះហើយសូមញាតិញោម បរិស័ទនានា តាមដានករណីនេះផងថា អាត្មាធ្វើត្រូវឬខុស ព្រោះអាត្មាមិនមានបំណងអ្វី ចង់ធ្វើបាបលោកនោះទេ គឺចង់ឲ្យលោកមានការរីកចម្រើន តែប៉ុណ្ណោះ។
ជាមួយគ្នានេះព្រះចៅអធិការវត្តក៏បានធ្វើកិច្ចសន្យាមិនឲ្យមានករណីបែបនេះកើតឡើង តទៅទៀតនោះទេ។
ជុំវិញបញ្ហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានបញ្ចេញទស្សនៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ មីនានេះថា « ឪពុកខឹង ឪពុកកាច ព្រោះឪពុកខ្លាចកូនខ្លៅ បើកូនល្ងង់គេដៀលម៉ែឪមិនចេះប្រដៅតម្រង់ទិសពុកវ៉ៃលើសលួសព្រោះជ្រុលដៃ គ្មានចេតនាអ្វីឲ្យកូនឈឺ ស្នូររំពាត់លេចលាន់ឮ កូនស្រែកថាឈឺផ្អើលអស់អ្នកជិតខាង អ្នកខ្លះគេសំអាងកាងយករឿងមកទុក បុកសម្រុក ថាឪពុកឃោឃៅគេស្រែកវ៉ៅៗស្វែងរកយុត្តិធម៌ គេខ្លះទៀតថាឪពុកខ្លៅប្រដៅកូនប្រើហិង្សា ប៉ុន្តែពួកគេភ្លេចថាពេលកូនភ្ញា ដើរខុសមាត្រាគេនឹងដៀលថាពុកចោលម្សៀតគ្មានមាយាទប្រដៅកូនឲ្យល្អជាការយល់ឃើញរបស់ខ្ញុំលោកឪ សែម គឺមិនខុសទេ ប៉ុន្តែរាងជ្រុលដៃបន្តិច ខ្ញុំនៅចាំពាក្យអ្នកស្រុកជំនាន់ពីដើមដែលចង់យកកូនទៅផ្ញើរនឹងព្រះសង្ឃដើម្បីឲ្យរៀនសូត្រឬបួស ពួកគាត់តែងតែទូលព្រះសង្ឃថា សូមគុណម្ចាស់ទុកតែស្បែក ឆ្អឹង និងភ្នែកកូនខ្ញុំបានហើយ ក្រៅពីនោះសូមព្រះតេជគុណចាត់ការតាមទោសកំហុសចុះ ពាក្យនេះចង់សំដៅថា បើកូនគាត់មិនស្តាប់បង្គាប់ព្រះសង្ឃទេ ព្រះសង្ឃមានសិទ្ធិពេញលេញប្រើវិន័យវត្តឬដាក់ពិន័យតាមការគួរ ក៏ប៉ុន្តែកុំឲ្យពិការនិងស្លាប់បានហើយ»។
ប្រធានគណបក្សយុវជកម្ពុជាបានសង្កត់ធ្ងន់ថា« ក្នុងន័យនេះ ខ្ញុំក៏សូមស្នើដល់អ្នកលេងហ្វេសប៊ុកផងថា សូមកុំចង់ល្បីគ្រប់រឿងពេក សូម្បីតែរឿងព្រះសង្ឃក៏ចង់តោងឲ្យល្បីដែរ
នោះ សូមអ្នករាល់គ្នាត្រូវចាំថា គ្រួសារមានវិន័យ ប្រទេសមានច្បាប់ ពេលខ្លះមេគ្រួសារដាក់ពិន័យសមាជិកគ្រួសារណាខូចទេ ហើយក៏មិនមែនដាក់ពិន័យអ្នកល្អជាឯណា។ សូមអស់យោបល់ហើយ»៕