សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញគ្រូពេទ្យទាហាន ដើម្បីជួយពេទ្យស៊ីវិល ខណៈដែលជំងឺកូវីដ-១៩ រីកខ្លាំងជាគំហុក
យោងតាមសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១បានអោយដឹងថា សម្តេចតេជោ បានសម្រេចបញ្ចេញគ្រូពេទ្យទាហានដើម្បីមកជួយក្រុមគ្រូពេទ្យស៊ីវិល ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈដែលការឆ្លងរីករាលដាលយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបចំគ្រូពេទ្យកងទ័ព ចំនួន៣០ក្រុមដើម្បីមកជួយគ្រូពេទ្យស៊ីវិល។
គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ៦៤នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងសរុបមានចំនួន ៦១៣នាក់ គិតមកត្រឹមថ្ងៃទី ១០ មីនា ២០២១នេះ៕