អ្នកនាង កែវ ចាន់និមល ប្រាប់លោកឬទ្ធី ហង្សមាស តាមទូរស័ព្ទពីមូលហេតុដែលអ្នកនាងឆ្លងកូវីដ១៩ និងអាការៈក្រោយពេលឆ្លង
ភ្នំពេញ៖ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់នឹងយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ការរកឃើញវីរុសកូវីដ១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ទៅ៤៩នាក់ គិតតែនៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រែវែង និងមានផ្នែកខ្លះនៅខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ឥលូវនេះមានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ត្រីរាជការ រហូតដល់សិល្បៈករសិល្បៈការិនីផងដែរ។
នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ លោក មាស រិទ្ធី ដែលជាពិធីករព័ត៌មានដ៏ល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ ហង្សមាស បានធ្វើការបញ្ជាក់ថា ពិធីការិនី អ្នកនាង កែវ ចាន់និមល និងស្វាមី ព្រមទាំងកូន ពិតជាបានវិជ្ជមានកូវីដ១៩ ពិតមែន ហើយពេលនេះកំពុងតែសម្រាកព្យាបាល។ លោក មាស រិទ្ធី បានឲ្យដឹងទៀតថា លោកបានទូរស័ព្ទទៅអ្នកនាង កែវ ចាន់និមល ហើយអ្នកនាងបានប្រាប់ថាមូលហេតុដែលធ្វើឲ្យអ្នកនាងឆ្លងកូវីដ១៩ នោះ គឺដោយសារតែឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បៈករសិល្បៈការិនីថតស្ពតពាណិជ្ជកម្មទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយមកអ្នកនាងក៏មានអាការៈមិនស្រួល ទើបធ្វើតេស្តទៅមានវិជ្ជមានកូវិដ១៩តែម្តង៕