អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងគេចចេញពីកន្លែងព្យាបាល នឹងទទួលទោសដាក់ពន្ធនាគារ

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានកំណត់ថា បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ឋជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ដោយឡែក ចំពោះបុគ្គលណាអ្នកគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ កាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

សេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាល រៀបចំតាក់តែងឡើងស្របពេលបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។ សេចក្តី ព្រាងច្បាប់នេះ មាន៦ជំពូក និង១៨មាត្រា បានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ច្បាប់នេះ មិនត្រឹមតែជាការចាំបាច់ក្នុងការបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីបម្រើដល់ការប្រយុទ្ធ ទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកម្ពុជានិងពិភពលោកកំពុងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវការឆ្លងរាលដាលនៃជំងឺផ្សេងទៀត ដែលមានកម្រិតនៃការឆ្លងរាលដាលកាចសាហាវ ឆាប់រហ័ស និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនិងសុខភាពសាធារណៈ ដែលអាចកើតមានជាយថាហេតុនាពេលអនាគត។

គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៩៣២នាក់ ក្នុងនោះត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញចំនួន៤៨៩នាក់ និងកំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៤៤២នាក់៕ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds