សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម ក្នុងចំណោមអាទិភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលសុខាភិបាល បានបញ្ជាក់ដូច្នេះ «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»

ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖

១៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៣៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ
៤៖ មន្ទីរពេទ្យបង្អែកដង្កោ
៥៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៦៖ មន្ទីរពេទ្យបង្អែកចតុមុខ
៧៖ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ
៨៖ មន្ទីរពេទ្យបង្អែកពោធិចិនតុង។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី ខេត្ត ដែលក្រសួងបានកំណត់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ បន្តការងារចាក់វ៉ាក់សាំងជូនប្រជាជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាកផ្លូវការ) ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច (ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី)។

សម្រាប់ក្រុមមនុស្ស ដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានជាហូរហែចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចមកហើយនោះ ហើយដែលមិនទាន់បានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ក្រសួងក៏បានសូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង នៅតាមទីតាំងនានា ដែលក្រសួងធ្លាប់បានជូនព័ត៌មានរួចហើយ (មានដាក់ផ្សាយសេចក្ដីជូនព័ត៌មាន តាមទំព័រហ្វេសបុករបស់ក្រសួង សុខាភិបាលរួចហើយ)។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ១៤ ទៅ ២៨ថ្ងៃ (មិនឱ្យលើសពី ២៨ថ្ងៃ) បន្ទាប់ពីថ្ងៃចាក់លើកទី១ នៅទីតាំងដែលសាមីជនបានចាក់លើកទី១ កុំបីអាក់ខានឡើយ។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ត្រឹមថ្ងៃទី២៦ ខែកុម្ភៈ កម្ពុជា ចាក់ជូនកម្លាំងប្រដាប់អាវុធ និងជនស៊ីវិល សរុបប្រមាណជាង ៦ម៉ឺននាក់ហើយ។ ជាមួយគ្នានេះទាំងក្រសួងការពារជាតិ និងក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់ដូសទី២ ជូនអ្នកបានចាក់ដូសទី១ផងដែរ។ របាយការណ៍បានបង្ហាញថា អ្នកបន្តចាក់ដូសទី២ បានចំនួនជាង ៥០០នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds