ពិតមែនរឺ? ក្រសួងពាណិជ្ជកម្ម ដាក់សំណើរទៅក្រសួងសុខាភិបាល ឲ្យចាត់ការតាមផ្លូវច្បាប់ ទៅលើផលិតផល CooSea របស់ស្រីអូន
ភ្នំពេញ ៖ ប្រិយមិត្តច្បាស់រួចមកហើយ ពីក្រុមហ៊ុនសម្រស់ធម្មជាតិ របស់ស្រីអូន ដែលនាំចូលផលិតផលអាហារបំប៉នម៉ាក CooSea ដោយ កន្លងមកមានការផ្សព្វផ្សាយថា អាចព្យាបាលជំងឺរាប់សិបមុខ។
ប៉ុន្តែពេលនេះ ស្រាប់តែបែកធ្លាយថា ក្រសួងពាណិជ្ជកម្ម បានដាក់សំណើទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅវិញ។
យោងតាមកម្មវត្ថុនៃលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលយើងទើបទទួលបាន បញ្ជាក់ថា កម្មវត្ថុ ៖ សំណើរសុំផ្ដល់កិច្ចសហការ ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមលិខិត ដដែលនេះ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណជន តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូរស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលករណីនេះតម្រូវឲ្យមានការស៉ើបអង្កេតដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្របទៅតាមច្បាប់ជាធរមាន។
លិខិតដដែល បានបន្តទៀតថា ទន្ទឹមនឹងនេះ ការចាត់វិធានការរដ្ឋបាលមួយចំនួន ចាំបាច់តម្រូវឲ្យមានការអនុវត្តផងដែរ ដែលក្នុងនោះរួមមាន ៖ ក្រុមហ៊ុនត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់តាមអនឡាញ ដែលមានចរិតភូតកុហក ខុសពីការពិត និងត្រូវមានការសុំអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច និងផ្ដល់ខ្លឹមសារទាំងឡាយ ដែលបញ្ជាក់ពីគុណភាព សុវត្ថិភាពផលិតផល និងការអះអាងផ្សេងទៀត ក្នុងការផ្សាយពាណិជ្ជកម្មមកក្រសួងពាណិជ្ជកម្ម។
តម្រូវឲ្យក្រុមហ៊ុនកែតម្រូវលើព័ត៌មាន ស្ដីអំពីជាតិអាហារូបត្ថម្ភ (Supplement Facts) ដែលបានបោះពុម្ពនៅលើស្លាកសញ្ញា ពាក់ព័ន្ធទៅនឹងវីតាមីន A និងវីតាមីន B12 និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវអនុលោមទៅតាមការវិភាគបញ្ជាក់ពីមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់។
តម្រូវឲ្យក្រុមហ៊ុនចុះបញ្ជីឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីអំពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។
ដើម្បីអាចដំណើរការស៊ើបអង្កេត លើករណីបំពានច្បាប់ពាក់ព័ន្ធទៅនឹងអំពើមិនសុចរិត ដែលបានកំណត់នៅក្នុងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” ជាសេនាធិការ ស្នើសុំការកិច្ចសហការពីក្រសួងសុខាភិបាលក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធមួយចំនួនដូចខាងក្រោម ៖
ទី១. លិខិត ដែលពាក់ព័ន្ធទៅនឹងការចុះទិដ្ឋាការ និងបញ្ជីការផលិតផលឱសថបំប៉នសុខភាពម៉ាក COOSEA Premium Spirulina ចំនួន១ច្បាប់។ ទី២.វិញ្ញាបនបត្របញ្ជាក់ការដាក់លក់COOSEA Premium Spirulina ចំនួន១ច្បាប់។ ទី៣. វិញ្ញាបនបត្រវិភាគ COOSEA Premium Spirulina ចំនួន១ច្បាប់។
ទោះយ៉ាងណា បើតាមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលភាគច្រើនជាអតិថិជនផលិតផលនេះ បានធ្វើការប្រតិកម្មទៅនឹងការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ «ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ» ពាក់ព័ន្ធនឹងរឿងនេះផងដែរ ដោយពួកគេលើកឡើងថា ម្ចាស់ក្រុមហ៊ុនមិនបាននិយាយបែបនេះឡើយ, ជាការកាច់កុងគ្នាក្នុង ភ្នំ១មិនអាចមានខ្លា២, ហើយអ្នកខ្លះទៀតថា លិខិតនេះ អត់ឃើញក្រសួងធ្វើការបង្ហោះ ជាដើម។
ជាក់ស្ដែងពួកគេ បានបញ្ចេញយោបល់ប្រតិកម្មដូច្នេះថា «ម្ចាស់ក្រុមហ៊ុនតែងតែប្រាប់ក្នុងឡាយគាត់ហើយថា ឃូស៊ី មិនមែនថ្នាំពេទ្យនោះទេ ហើយអ្នកដែលហូប ឃូស៊ី ក៏មិនអោយចោលថ្នាំពេទ្យដែរ។ ហើយ ឃូស៊ី ហូបទៅមិនមែនព្យាបាលជំងឺទេ តែវាជួយទៅបំប៉នកោសិកា ដែលចុះខ្សោយអោយរឹងមាំមកវិញម្តងបន្តិចៗ គាត់មិនដែលនិយាយថា ឃូស៊ី អាចព្យាបាលជំងឺ ១០០ មុខដែរ រាល់អ្នកដែលមានបញ្ហាសុខភាពហើយហូបទៅបានធូរស្បើយគេតែងតែអោយ feedback ព្រោះខ្ញុំក៏ជាអតិថិជនម្នាក់ដែរ»។
«ដើមឈើកាន់តែខ្ពស់ត្រូវខ្យល់កាន់តែខ្លាំង ការរកស៊ីតែងមានការប្រកួតប្រជែង កីឡាប្រកួតមិនឈ្នះមានតែលេងខូចគេដើម្បីឈ្នះ, ពិតជាភ្នំ១មិនអាចមានខ្លា២ទេ មើលទៅខ្ញុំផឹកអស់ច្រើនកំប៉ុងហើយសុខភាពខ្ញុំល្អ មាំមួនជាងមុនឆ្ងាយណាស់ម៉េចបានទៅជាអញ្ចឹង, កាច់កុងគ្នា ដូចក្នុងរឿងចិនហុងកុង ..ហិហិហិ, អត់ឃើញក្រសួងផុសពូផុសមុនក្រសួង អត់យល់អ្នកដឹងប្រាប់ផង»៕ សូមអានលិខិតរបស់ក្រសួង និងប្រតិកម្មរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនដូចខាងក្រោមនេះ ៖