វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS ក្រសួងអប់រំសម្រេចផ្អាកបណ្តោះអាសន្ន
(ភ្នំពេញ)៖ ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរ មកធ្វើតេស្តយកសំណាកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយអាណាព្យាបាល និងសិស្ស មានផ្ទុកមេរោគកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងសម្រេចផ្អាកដំណើរការវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស (SIS) សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី និងស្នើសូមបុគ្គលិអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរនៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» អញ្ជើញមកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ព្រឹក ដើម្បីឱ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក សូមសាលារៀបចំទីតាំងសម្រាប់ ប្រមូលសំណាក និងមានមន្ត្រីបង្គោលមួយ សម្រាប់ទំនាក់ទំនងជាមួយមន្ត្រីសុខាភិបាល។
ក្រសួងបន្តថា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល៕