តើរវាងកីឡាករទាំងពីរនេះអ្នកណាជាអ្នកខ្លាំងពិតប្រាកដរវាង ឃីម ឌីម៉ា និងកីឡាករបារាំងថៃ ឌិន ណាផូ?
ស្អែកនេះដល់ពេលហើយដែលប៉ះគ្នាហើយរវាងជើងខ្លាំងម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ឃីម ឌីម៉ា ត្រូវសាកវិជ្ជាគុនជាមួយកីឡាករកូនកាត់ថៃ-បារាំង ឌិន ណាផូ ក្នុងកម្មវិធីប្រដាល់អន្តរជាតិនៅក្នុងខេត្តកំពង់ធំ របស់សង្វៀន CNC។
ការប៉ះគ្នារវាងជើងខ្លាំងទាំងពីរនាក់នេះ កំពុងទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមតាមដានគុនខ្មែរនៅពេលនេះ។ ដោយសារតែសមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់ ឌីម៉ា និង ឌិន ណាផូ សុទ្ធល្បី ហើយខ្លាំងដូចគ្នា បើទោះជាម្នាក់នៅខ្មែរ ម្នាក់ទៀតនៅប្រទេសថៃក៏ដោយ។
ពួកគេទាំងពីរនាក់នេះជាអ្នកប្រដាល់ក្បាច់ដូចគ្នា វ៉ៃច្បាស់ៗ ចេញចូលលឿន ហើយស្នៀតកាត់ដៃគូដូចជាទាត់ ឬធាក់គឺរហ័ស និងមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែកម្លាំង អាចថាកីឡាករ ឌិន ណាផូ ល្អជាងបើតាមការប្រកួតកន្លងមក។ ចំណុចល្អមួយរបស់ ឌីម៉ា នោះគឺការប្រើកែងបត់ មួយទំហឹង និងចូលចិត្តប្ដូរកែងតែម្ដង បើត្រូវគឺបែក ឬសន្លប់ហើយ។ ចំណែក ឌីន ណាផូ វិញភាគច្រើនប្រកួតនៅកម្ពុជា វ៉ៃត្រឹមឈ្នះពិន្ទុប៉ុណ្ណោះដៃគូប៉ុណ្ណោះ មិនសូវប្ដូរនោះឡើយ ពោលវ៉ៃដោយបច្ចេកទេសទាំងការចូល និងដកថយ មិនចូលដោយទទឹងទិសដូចកីឡាករខ្លះៗនោះទេ។
បញ្ជាក់ដែរថា កីឡាករ ឃីម ឌីម៉ា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិលើកទី១ជាមួយកីឡាករជើងខ្លាំង ឌិន ណាផូ ក្នុងខេត្តកំពង់ធំ របស់សង្វៀន CNC នៅថ្ងៃស្អែកនេះចាប់ពីម៉ោង ៥ល្ងាចតទៅ។ ចំណែកគូមិត្តភាព១គូទៀតនោះ គឺ ឈិត សេរីវណ្ណថង ប៉ះ Neur Nakpha ផងដែរ៕
អត្ថបទ៖ គឹមស្រ៊ិន