អគ្គនាយកពន្ធដារប្រកាសឲ្យម្ចាស់អាជីវកម្ម​រួសរាន់​មក​បង់​ពន្ធឲ្យបានមុនថ្ងៃទី៣១មីនាខាងមុខនេះ

អគ្គនាយកដ្ឋានពន្ធដារបានណែនាំឲ្យលោក លោកស្រីជា អភិបាល បណ្ណាធិការ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋានរួសរាន់មកប្រកាសបង់ពន្ធ​តែមប្រិ៍សារពើពន្ធ (ពន្ធផ្លាកយីហោនិងផ្ទាំងផ្សាយពាណិជ្ជកម្ម) លើស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យបានមុនថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ជាកំហិត ដើម្បីចៀសវាងទទួលនូវការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារបានឲ្យដឹងថា ការដាក់លិខិតប្រកាសនិងបង់ពន្ធ​តែមប្រិ៍សារពន្ធសម្រាប់ឆ្នាំ២០២១ នឹងផុតកំណត់នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។

ដើម្បីជៀសវាងការកកស្ទះក្នុងការទទួលលិខិតប្រកាសនិងបង់ពន្ធខាងលើ សូមលោកលោកស្រីជាអភិបាលបុណ្ណាធិកាក្រុមហ៊ុនឬម្ចាស់អាជីវកម្មដ្ឋានដែល​ជាអ្នកជាប់ពន្ធធំនិងអ្នកជាប់ពន្ធតូចមធ្យម ដែលមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ត្រូវអញ្ជើញមកដាក់លិខិតប្រកាសនិងប្រាក់ពន្ធតែមប្រិ៍សារពើពន្ធឲ្យបានទាន់ពេលវេលា នៅទីចាត់ការពន្ធដាររាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ីក្បែរអគ្គនាយកដ្ឋានពន្ធដារ។

លោកបានបន្តថា ចំពោះសហគ្រាសអ្នកជាប់ពន្ធតូចមធ្យម ដែលមានអាស័យដ្ឋាននៅតាមបណ្ដាខេត្ត សូមដាក់ប្រកាសនិងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធនៅតាមសាខាពន្ធដារខេត្តដែលសហគ្រាសស្ថិតនៅ។

នៅក្នុងករណីហួសការកំណត់ ក្រុមហ៊ុនឬអាជីវកម្មកដ្ឋានរបស់លោកអ្នក នឹងត្រូវទទួលរងទោសទណ្ឌតាមផ្លូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ ចំពោះតំណាងក្រុមហ៊ុនឬតំណាងម្ចាស់អាជីវកម្មដ្ឋានដែលទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ​ត្រូវមានលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរ។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមនិងជឿជាក់ថា លោកស្រីជាអភិបាលបណ្ណាធិកាក្រុមហ៊ុនឬម្ចាស់អាជីវកម្មនដ្ឋានយកចិត្តទុក ដាក់អនុវត្តច្បាប់ស្ដីពីសារពើពន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds