កងទ័ពមីយ៉ាន់ម៉ាព្រមានមិនឲ្យប្រើពាក្យ “រដ្ឋប្រហារ”ជាដាច់ខាត
មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនសប្បាយចិត្តទេ ជាមួយនឹងជម្រើសនៃពាក្យដែលប្រើដើម្បីពិពណ៌នាអំពីរដ្ឋប្រហារនៅខែនេះ។ ក្រសួងព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយស្ថិតក្នុងច្បាប់គ្រាអាសន្នដែលស្របតាមរដ្ឋធម្មនុញ្ញ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកំពុងប្រើពាក្យមិនត្រឹមត្រូវដូចជារដ្ឋប្រហារនិងសំដៅទៅលើយោធាថា “របបយោធា” ឬ “របប”។
សេចក្តីថ្លែងការណ៍បន្តថា ការប្រើប្រាស់មិនបានត្រឹមត្រូវអាចជាសកម្មភាពនៃការញុះញង់ ដែលអាចបង្កភាពវឹកវរស៊ីវិល។ វាក៏ជាការបំពានច្បាប់ទាក់ទងនឹងការផ្សព្វផ្សាយផងដែរ។ ក្រុមព័ត៌មាន True News របស់កងទ័ពបាននិយាយកាលពីថ្ងៃសៅរ៍ថា ពាក្យបណ្តឹងត្រូវបានដាក់ប្រឆាំងនឹងបុគ្គលល្បីៗចំនួន៧នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះការធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមដែលអាចគំរាមកំហែងដល់ស្ថិរភាពជាតិ។
អ្នកទាំងនោះត្រូវបានគេដាក់ឈ្មោះថាជា គូប្រជែងនៃរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ដែលរដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្ដួលរំលំ ហើយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបានឃុំខ្លួន។
យោធាដែលត្រូវបានគេស្គាល់ថា Tatmadaw បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំហើយ ច្រានចោលលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី៕