ប្រធានបក្សយុវជនកម្ពុជា លើកឡើងថា ការអភ័យទោសចំពោះមនុស្សដែលល្មើសច្បាប់ គឺជាការលើកទឹកចិត្តឲ្យមនុស្សខូចនាំគ្នាប្រព្រឹត្តអាក្រក់កាន់តែខ្លាំង
មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជា CYP បានបញ្ចេញប្រតិកម្មធ្ងន់ៗថា ការដោះលែងអ្នកប្រព្រឹត្តល្មើសច្បាប់ឲ្យរួចខ្លួនដោយត្រឹមតែការប្រើពាក្យសុំទោស គឺជាគំរូដ៏អាក្រក់សម្រាប់អ្នកអនុវត្តច្បាប់ និងពលរដ្ឋពលរដ្ឋខ្មែរទូទៅ។
ការរិះគន់នេះធ្វើឡើង ដើម្បីឆ្លើយតបទៅការអនុវត្តច្បាប់មិនបានហ្មត់ចត់ទៅលើយុវជន និងយុវតីមួយក្រុមដែលបានផលិតវីដេអូរឿងទុំទាវដែលប្រាសចាកពីលំនាំដើមនៃអក្សរសិល្ប៍ខ្មែរក៏ដូចជាការទាញទម្លាក់នៃតម្លៃព្រះពុទ្ធសាសនាផងដែរ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា Cambodian youth party និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយរួចទោសដោយការសុំទោស គឺជាគំរូអាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀត ពីព្រោះការធ្វើបែបនេះវាហាក់មានភាពអយុត្តិធម៌សម្រាប់បុគ្គលផ្សេងទៀតដែលបានផ្តន្ទាទោស ខណៈអ្នកទាំងនោះបានសាងកំហុសប្រហាក់ប្រហែលនឹងក្រុមយុវជនទាំងនេះដែរ។
លោក មានប្រសាសន៍ថា សកម ភាពក្នុងខ្សែវីដេអូ Video ដែលពួកគេបានផលិតឡើងត្រូវបានផ្សព្វផ្សាយផ្អើលពិភពលោកដែលក្នុងខ្លឹមសារវីដេអូនោះបានបង្ហាញពីការបន្តុះបង្អាប់វប្បធម៌ខ្មែរយើង និងសាសនាព្រះពុទ្ធយ៉ាងធ្ងន់ធ្ងរ ជាហេតុដែលធ្វើឲ្យជាតិសាសន៍ដទៃមានការភ័ន្តច្រឡំលើវប្បធម៌អរិយធម៌ដ៏ថ្លៃថ្លារបស់ខ្មែរថែមទៀត។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ សួរថា តើការសុំទោសរបស់ក្រុមយុវតី និងយុវជនទាំងនោះអាចសងកិត្តិយសដល់វប្បធម៌ជាតិ និងសាសនាព្រះពុទ្ធរបស់រដ្ឋបានវិញដែរឬទេ?
លោក ថ្លែងថា ច្បាប់គឺជាច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ផងដែរ ដូច្នេះ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ជនល្មើសដទៃទៀតដូចជា ចំប៉ីខ្មៅ ជាដើម ការអនុវត្តច្បាប់ពិតជាមិនអាចខ្វះបានឡើយ លើសពីនេះ ក៏ជាការពង្រឹងវិធានការក្នុងការលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរផ្សេងទៀត ផងដែរ។
លោក ពេជ្រ ស្រស់ លើកឡើងថា ច្បាប់ពិតជាសណ្តោស និងអនុគ្រោះខ្លាំងណាស់សម្រាប់មនុស្សល្អដែលមិនបំពានច្បាប់ ប៉ុន្តែច្បាប់ពិតជាតឹងតែងនិងហ្មត់ចត់ជាទីបំផុតសម្រាប់ជនខិលខូចដែលមានបំណងបំផ្លាញសង្គមជាតិ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានចេញលិខិតមួយច្បាប់តម្រូវឲ្យម្ចាស់ផេក Hokima ដែលមានឈ្មោះពិត ថា កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ ជាកំហិត។
សូមរំលឹកថា ពួកគេបានយល់ព្រមប្រគល់ Page account ឈ្មោះHokima និងAccount Tik Tok ឈ្មោះ Gi Leader261 ជូនក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ មករក្សាទុក ព្រមទាំង សន្យាមិនទាញយកទិន្នន័យក្នុង Page ឬ account ទាំងនោះ ដែលបានប្រគល់ជូន ក្រសួង មករក្សាទុក ឬ ប្រើប្រាស់បន្តទៀតឡើយ។
សូមបញ្ជាក់ថា ករណីផ្សព្វផ្សាយវីដេអូបែបជាន់ឈ្លីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ និងព្រះសាសនា នៃក្រុមយុវជនទាំងនេះ ក្រសួងគ្រាន់តែធ្វើការណែនាំប៉ុណ្ណោះ៕