លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា អះអាងថា ក្នុងនាមជាអ្នកនយោបាយត្រូវជួយដោះស្រាយវិបត្តិពលរដ្ឋឲ្យអស់លទ្ធភាព
ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងថា ក្នុងនាមជាអ្នកនយោបាយត្រូវប្រកាន់ខ្ជាប់ភារៈកិច្ចបម្រើជាតិ និងបម្រើប្រយោជន៍ប្រជាជន តាមលទ្ធភាព សមត្ថភាព និងអំណាចដែលមានចែងក្នុងច្បាប់ មិនត្រូវនៅស្ងៀមក្នុងការស្វះស្វែងរកដំណោះស្រាយជួយប្រជាពលរដ្ឋរងគ្រោះនោះទេ។
ការលើកឡើងនេះធ្វើឡើង ក្រោយពីកិច្ចប្រជុំប្រចាំខែ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៩ ខែមករា ២០២១ ក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ។
លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម ពេជស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា បានទទូចឲ្យមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិជួយណែនាំ ដល់មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិឲ្យគោរពសេចក្តីណែនាំ (ស.ជ.ណ) ដែលស្ថាប័នថ្នាក់ជាតិបានបង្គាប់ការ។
ឯកឧត្តម ពេជស្រស់ បញ្ជាក់ថា ការធ្វើបែបនេះ ក្នុងវត្ថុបំណងជម្រុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ពិនិត្យ និងដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលពួកគេតែងសុំជំនួយផ្លូវច្បាប់តាមរយៈ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដើម្បីឲ្យជួយរកយុត្តិធម៌ជូនពួកគាត់។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ អះអាងថា កន្លងមក នៅពេលប្រតិភូគណបក្សនីមួយៗ ចុះជួយផ្នែកច្បាប់ដល់ពលរដ្ឋរងគ្រោះ ដែលមានទាំងសេចក្តីជូនដំណឹង ស.ជ.ណ របស់មន្ត្រីថា្នក់ជាតិផងនោះ មិនត្រូវបានមន្ត្រីថ្នាក់ក្រោមជាតិមួយចំនួនស្វាគមន៍នោះឡើយ ជាងនេះទៀត មន្ត្រីទាំងនោះក៏មិនបានអនុវត្តន៍តាមសេចក្តីជូនដំណឹង ស.ជ.ណ របស់រដ្ឋាភិបាលថ្នាក់ជាតិផងដែរ។
ទាក់ទិននឹងលើកឡើងនេះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺគណបក្សកាន់អំណាច ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះថា ហានិភ័យដ៏ធំមួយសម្រាប់អនាគតកម្ពុជាគឺការធ្វើកិច្ចការដោយមិនទទួលខុសត្រូវ មិនខ្លាច ឬបារម្ភពីផលប៉ះពាល់ និងការខាតបង់ផលប្រយោជប្រទេសជាតិ ដែលជាកិច្ចការបែបអត្មានិយមជាន់ពន្លិចកម្ពុជា និងពលរដ្ឋរបស់ខ្លួន។
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជស្រស់ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ្រប្រចាំខែនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តម អ៊ី មុយលី ជាប្រធានប្តូរវេនសម្រាប់ខែមករានេះ ក្នុងនោះ ក៏មានសមាភាពតំណាងប្រតិភូនៃគណបក្សចំនួន ១៦រូប ផ្សេងទៀតដែលបានចូលរួម ផងដែរ។
ឯកឧត្តម ពេជស្រស់ គូសបញ្ជាក់ថា គណបក្សយុវជនកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយវិបត្តិប្រជាពលរដ្ឋដែលរងគ្រោះដោយសារមន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនមិនបានយកចិត្តទុកដាក់អនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនឲ្យបានហ្មតចត់ ដើម្បីបម្រើពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ៕