ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាឧបករណ៍វាស់ស្ទង់ក្នុងការដឹកនាំរបស់អ្នកនយោបាយ
មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជា អះអាងថា ការអភិវឌ្ឍដ៏ពិតប្រាកដនៅក្នុងប្រទេសមួយ គឺជាការអភិវឌ្ឍពីក្រោមឡើងទៅលើ។
លើកឡើងក្នុងទំព័រហ្វេសរបស់ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២ នេះ លោក ពេជស្រស់ បានលើកឡើងថា ប្រជាពលរដ្ឋជាគោលការណ៍ក្នុងការវាស់ស្ទង់ពីកម្រិតនៃការអភិវឌ្ឍន៍ ព្រោះថាប្រជាពលរដ្ឋត្រូវតែទទួលបានការធានាពីមន្ត្រីរដ្ឋាភិបាលឲ្យពួកគាត់រស់បានក្នុងភាពថ្លៃថ្នូរ មិនមែនរស់ដើម្បីធ្វើជាទាសករសង្គម និងមិនធ្វើទាសករលុយ ជាពិសេសមិនធ្វើជាទាសករធនាគារ នោះទេ។
លោក ពេជស្រស់ អះអាងថា រដ្ឋមានតួនាទីដាច់ខាតក្នុងការគាំពារប្រជាពលរដ្ឋឲ្យបានល្អិតល្អន់បំផុត ជាពិសេសការផ្តល់នូវសេវាសាធារណៈ រួមមាន សេវាអប់រំ សេវាសុខាភិបាល សេវាក្នុងប្រព័ន្ធយុត្តិធម៌តាមផ្លូវច្បាប់ និង ការផ្តល់ជូននូវសន្តិសុខផ្ទាល់ខ្លួនដ៏មានសុវត្ថិភាពបំផុត។
មេបក្សក្រៅរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា រដ្ឋាភិបាលដែលដឹកនាំមានប្រសិទ្ធិភាព គឺរដ្ឋអំណាចមួយដែលបានចាត់ទុកថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្លួនឯង នោះទើបធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងទទួលបាននូវការគាំពារដ៏ពិតប្រាកដ។
លោក ពេជស្រស់ គូសបញ្ជាក់ថា ដោយឡែក គណបក្ស យុវជនកម្ពុជា គឺជាកម្លាំងដ៏ពិតប្រាកដមួយ ដើម្បីជួយជ្រោមជ្រែងប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីទុក្ខលំបាក និងមានគោលនយោបាយច្បាស់លាស់ក្នុងការ ជំរុញជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យមានភាពប្រសើរឡើងតាមរយៈកម្មវិធីនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ។
ទាក់ទិននឹងការលើកឡើងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ ក្នុងពេលសាធារណៈរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដល់កម្ពុជា ថា លោកត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលត្រូវចាក់វ៉ាក់សាំងមុនគេដើម្បីបញ្ជាក់ជូនប្រជាជន។
ជាងនេះទៀត នាយករដ្ឋមន្ត្រីរបស់កម្ពុជា ធ្លាប់បានអះអាងថា លោកនឹងមិនយកកម្ពុជា និងជីវិតរបស់ប្រជាពលរដ្ឋមកពិសោធន៍ក្នុងការដឹកនាំរបស់លោកនោះឡើយ។
ការលើកឡើងនេះគឺស្របទៅនឹងគោលជំហររបស់គណបក្សយុវជនកម្ពុជាទាំងស្រុងដែលតែងប្រកាន់គោលការណ៍យកប្រជាជនជាគោលក្នុងការដឹកនាំដើម្បីឆ្ពោះទៅរកសុភមង្គលជូនជាតិមាតុភូមិ៕