ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា សេដ្ឋកិច្ចជាតិស្គមស្គាំង ពលរដ្ឋច្បាស់ជាវេទនា
មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជា បានអះអាងថា បើគ្រួសារក្រីក្រត្រូវនាំគ្នាខំប្រឹងរកសេដ្ឋកិច្ចចិញ្ចឹមគ្រួសារ មិនត្រូវឈ្លោះគ្នាដែលនាំឲ្យមានការបែកបាក់សមាជិកនៅក្នុងផ្ទះនោះឡើយ។
ថ្លែងលើគណនីហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ លើកឡើងថា ប្រទេសជាតិដែលមានសេដ្ឋកិច្ចស្គមស្គាំង ប្រជាពលរដ្ឋខ្វះមុខខ្វះក្រោយ មន្ត្រីទាំងអស់ត្រូវព្យាយាមសហការណ៍សាមគ្គីគ្នាដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានថ្កុំថ្កើង។
ប្រធានបក្សយុវជនរូបនេះ បញ្ជាក់ថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចអន់ថយ បែរជាមន្ត្រីទាំងអស់គិតតែពីបន្ទោសគ្នាទៅវិញទៅមក វាយប្រហារគ្នា ហែកហួរគ្នា នោះនឹងនាំឲ្យរងទុក្ខវេទនាដល់រាស្ត្រ វិនាសទាំងជាតិ ជាងនេះទៀត ល្បែងបែបនេះនឹងពិឃាតគ្រប់ភាគីទាំងអស់រកសេចក្តីសុខចម្រើន និងសុភមង្គមមិនឃើញឡើយ។
ការលើកឡើង របស់លោក ពេជ្រ ស្រស់ គឺប្រហាក់ប្រហែលទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញា ក្នុងពិធីសម្ពោធសួនកំសាន្តព្រីនម៉ាណ័រ កាលពីចុងឆ្នាំ២០២០ ថា ដើម្បីរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ទោះលះបង់ក្នុងតម្លៃណាក៏ដោយក៏លោកនឹងមិនរាថយឡើយ។
ថ្លែងក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា សន្តិភាព របស់កម្ពុជា គឺកើតមកពីការលោកយកជីវិតទៅប្តូរ ដូច្នេះលោកនឹងមិនអនុញាតិឲ្យបុគ្គលណា ឬក្រុមណាបំផ្លាញសន្តិភាពរបស់កម្ពុជាដែលរកបានដោយលំបាកនេះបានទេ។
ចំណែកលោក ពេជ្រ ស្រស់ បានគូសបញ្ជាក់ថា គណបក្សយុវជនកម្ពុជា នឹងប្រកាន់ឥរិយាបថមិនជ្រុលនិយមជាដាច់ខាត គឺអនុវត្តក្នុងភាពត្រឹមត្រូវច្បាស់លាស់ដើម្បីរកប្រយោជន៍ជូនជាតិមាតុភូមិ និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ ប្តេជ្ញាថា គណបក្សយុវជនកម្ពុជានឹងមិនធ្វើដំណើរក្នុងផ្លូវនយោបាយដែលជេរប្រទេចខ្មែរនិងខ្មែ ឬនយោបាយលាបពណ៌នោះឡើយ តែផ្ទុយទៅវិញគណបក្សយុវជនកម្ពុជានឹងអនុវត្តកម្មវិធីនយោបាយក្នុងមាគាមិនបង្ករជម្លោះជាតិដែលនាំបែកបាក់ជាដាច់ខាត។
លោក ពេជ្រ ស្រស់ បញ្ចាក់ថា គណបក្សយុវជនកម្ពុជាគឺដើម្បីតែជាតិ និងប្រជាជនតែប៉ុណ្ណោះ មិនដើម្បីនរណាម្នាក់ឡើយ៕