អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សិស្សានុសិស្ស ឲ្យបន្តយកចិត្តទុកក្នុងការសិក្សា ព្រមទាំងបន្តអនុវត្តវិធានសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ដោយរស់នៅតាមបែបបទគន្លងថ្មី
(ប៉ៃលិន)៖ មានប្រសាសន៍ក្នុងពិធីអបអរសាទរ ថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលក្នុងការបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ។ពិធីនេះដែរក៍មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាស្តីទីខេត្ត លោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមមន្ទីរជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុប៥៥០នាក់។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ក្នុងឆ្នាំសិក្សាថ្មី២០២១¬-២០២២ គ្រឹស្ថានសិក្សាទូទាំងខេត្តប៉ៃលិន រួមមាន៖ មធ្យមសិក្សាចំនួន៩សាលា ក្នុងវិទ្យាល័យចំនួន២ និងអនុវិទ្យល័យចំនួន៧សាលា មានសិស្សសរុប៥៣១០នាក់។ចំណែកបឋមសិក្សាមានចំនួន៤៨សាលា មានសិស្សចំនួន១០៤១៥នាក់, មត្តេយ្យសិក្សាចំនួន២៤សាលា មានសិស្សចំនួន១១៨៣នាក់,មត្តេយ្យសហគមន៍ចំនួន១១កន្លែង មានសិស្សចំនួន២៦៦នាក់ ដោយឡែកសិស្សថ្មីគ្រប់អាយុ៦ឆ្នាំឬ៧០ខែ មានចំនួន៩៨៥នាក់ផងដែរ។
បន្ទាប់ពីអានសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះ រាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ រួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ថ្ងៃនេះគឺថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្ដើមជីវិតសិក្សាដំបូង របស់សិស្សានុសិស្ស និស្សិត និងកុលបុត្រ កុលធីតា របស់កម្ពុជា ពិសេសខេត្តប៉ៃលិន បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធ នៃការអប់រំ ក្នុងសម័យកូវីដ ១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបីជាក្នុងរូបភាពខុសគ្នាយ៉ាងណាក៏ដោយ។ជាមួយគ្នានេះ ក៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គ គ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងផ្ដល់នូវការរៀនសូត្រ ដល់សិស្សានុសិស្ស និស្សិតតាមគ្រប់រូបភាព ក្នុងអំឡុងពេល នៃការប្រយុទ្ធនឹងជំងឺកូវីដ ១៩។ លោកជំទាវអភិបាលខេត្ត មានប្រសាសន៍បន្តថា៖ រយៈកាលកន្លងមកនេះ រដ្ឋបាលខេត្តប៉ៃលិន បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រវិធានការណ៍ទាំងឡាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងកូវីដ- ១៩ និយាយជារួម និងក្នុងវិស័យអប់រំ និងតាមរយៈការផ្សព្វផ្សាយ និងកិច្ចសហការនានា ក្នុងការជួយសម្របសម្រួល ដល់ការរៀនសូត្រ តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យ។ក្នុងនោះដែរលោកជំទាវអភិបាលខេត្ត ក៍បានសំណូមពរដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមទាំងអស់គ្នា ឲ្យបន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ រស់នៅតាមបែបបទគន្លងថ្មី ដើម្បីចៀសផុតពីការយាយីទាំងឡាយពីជំងឺកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា៖ក្នុងឪកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ លោកជំទាវអភិបាលខេត្ត ក៍បានផ្តល់ ជាសម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់ សិស្សានុសិស្ស លោក គ្រូ-អ្នកគ្រូ ហើយក៍ជាការលើកទឹកចិត្ត ក៏ដូចជាការបង្ហាញ ការយកចិត្តទុកដាក់ដឹងគុណ ចំពោះគ្រូ បង្រៀនផងដែរ ៕ដោយ សេង សុវណ្ណារិទ្ធ