យន្តហោះ Boeing 737 ដែលដឹកមនុស្ស៦២នាក់ ហើយបាត់ចេញពីរ៉ាដានោះ ឥលូវអាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថា បានធ្លាក់ចូលសមុទ្រ

យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC បានឲ្យដឹងថា អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញទីតាំង ដែលគេជឿជាក់ថាយន្តហោះដឹកអ្នកដំណើរ Boeing 737 បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្រោយពីបានហោះចេញពីទីក្រុង Jakarta កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។

យន្តហោះរបស់ក្រុមហ៊ុន Sriwijaya Air ដែលបានដឹកមនុស្សចំនួន៦២នាក់ បានហោះចេញពីព្រលានយន្តហោះនៅទីក្រុង Jakarta នៅវេលាម៉ោង ១៤ និង៣៦នាទី (ម៉ោងក្នុងតំបន់) ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Pontianak នៅភាគខាងលិចខេត្ត Kalimantan។

នៅវេលាម៉ោង ១៤ និង៤០នាទី យន្តហោះនោះក៏បានបាត់ទំនាក់ទំនង និងបានបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង។ អ្នកនេសាទឈ្មោះ Solihin បានប្រាប់សារព័ត៌មាន BBC ថា បានឃើញយន្តហោះធ្លាក់ចូលសមុទ្រយ៉ាងលឿន និងផ្ទុះឆាបឆេះនៅក្នុងទឹកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នៅលើយន្តហោះ Boeing 737 នោះមានមនុស្សសរុប៦២នាក់ ដោយ៥០នាក់ជាអ្នកដំណើរ (ក្នុងនោះមានទារក៣នាក់ និងកូនក្មេង៧នាក់) និងបុគ្គលិកបំរើការលើយន្តហោះ ១២នាក់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds