ព្រឹកថ្ងៃ២មករានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩លើស្ត្រីម្នាក់ដែលធ្វើដំណើរមកពីអាមេរិក ហើយស្នាក់នៅក្រុងតាខ្មៅ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក ខណៈជាសះស្បើយមិនមាននោះទេ។
អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន។
សូមគត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើ សរុបមានចំនួន១០នាក់ ដែលក្នុងចំនួននោះ មានបុគ្គលខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន០៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៧នាក់៕