ដោយសារកូវីដកើនឡើងគំហុកនៅកូរ៉េខាងត្បូង ការចេញលិខិតបញ្ជាក់ចត្តាឡីស័កជូនពលករខ្មែរ នឹងត្រូវផ្អាកមួយរយៈសិន ដល់ស្ថានការណ៍ធូរស្បើយវិញ
(បរទេស)៖ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េ ដែលជាស្ថាប័នសំខាន់សម្រាប់ចេញលិខិតចត្តាឡីស័កដល់បងប្អូនពលករខ្មែរយើង ដែលត្រូវទៅកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើការជូនដំណឹងដល់បងប្អូនពលករ-ពលការិនីខ្មែរអំពីការផ្អាកចេញលិខិតបញ្ជាក់ចត្តាឡីស័កជូនដល់បងប្អូនពលករ-ពលការិនីខ្មែរយើង ដែលគ្រោងនឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង។
ការផ្អាកចេញលិខិតបញ្ជាក់ចត្តាឡីស័កនេះ គឺដោយសារតែគេឃើញថាមានការកើនឡើងនូវចំនួនអ្នកវិជ្ជមានជំងឺកូរ៉ូណាទំាងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងអ្នកមកពីក្រៅប្រទេសដែលកំពុងកើតឡើងជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យមានកង្វះខាតគ្រែសម្រាកព្យបាលក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសកូរ៉េ។ ការផ្អាកនេះនឹងត្រូវអនុវត្តរហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកូរ៉ខាងត្បូងបានប្រសើរឡើងវិញ។
បើតាមការបញ្ជាក់ ការដាក់ពាក្យស្នើសុំថ្មីនេះនឹងមិនមានទេចាប់ពីសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ហើយមានតែបងប្អូនកម្មករ-ពលការិនីដែលមានទិដ្ឋាការជិតផុតកំណត់ទេ ដែលអាចទទួលបានពាក្យស្នើសុំនេះ។
សូមធ្វើការតាមដានពិនិត្យមើលផេកហ្វេសប៊ុករបស់ HRD Korea in Cambodia (HRDK) ព្រោះអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េបញ្ជាក់ថានឹងធ្វើការប្រកាសម្តងទៀត អាស្រ័យលើស្ថានភាពជាក់ស្តែងនៅពេលក្រោយ៕