វាជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជា ! ថ្ងៃទី ២៩ ធ្នូ ២០២០ កម្ពុជា និងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ វាជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជា តាមរយៈអំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។

 

តាមការបញ្ជាក់របស់ផេកផ្លូវការសម្ដេចបានបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។

 

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន(Chevron) នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

 

ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

 

• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។

 

• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា

២០២០ ។

 

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។

 

ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖

ចំណូលថវិកាជាតិផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds