អជ្ញាធរកូរ៉េខាងត្បូងប្រកាសរកឃើញករណីដំបូង នៃប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីដែលកំពុងផ្ទុះនៅអឺរ៉ុប ពីអ្នកដំណើរទើបមកដល់ពីប្រទេសអង់គ្លេស

(បរទេស)៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះហើយថា កូរ៉េខាងត្បូងរកឃើញករណីមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីដែលចេញពីចក្រភពអង់គ្លេសនោះ មកដល់ក្នុងប្រទេសកូរ៉េខាងត្បូងហើយ នេះបើតាមសារព័ត៌មាន Yonhap News។
អជ្ញាធរសុខាភិបាលនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ បានបញ្ជាក់ថា មេរោគប្រភេទបម្លែងខ្លួនថ្មីនេះត្រូវបានរកឃើញក្នុងសំណាកអ្នកធ្វើដំណើរជនជាតិកូរ៉េខាងត្បូងដែលបានត្រឡប់មកពីប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។
មេរោគថ្មីនេះ បើតាមការសិក្សារបស់អ្នកជំនាញនៅប្រទេសអង់គ្លេស អាចមានសមត្ថភាពឆ្លងបានលឿនជាងមេរោគកូរ៉ូណាចាស់ដែលបានវាយប្រហារទូទាំងសកលលោកពេញមួយឆ្នំា២០២០នេះ ដល់ទៅជាង៧០%ឯណោះ។ មេរោគប្រភេទបម្លែងខ្លួនថ្មីនេះ ត្រូវបានគេរកឃើញដំបូងតាំងពីខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទីក្រុងឡុនដុន។
ករណីមួយផ្សេងទៀត គឺបុរសចំណាស់ជនជាតិកូរ៉េខាងត្បូងដូចគ្នា ដែលទើបនឹងត្រឡប់មកពីប្រទេសអង់គ្លេសថ្មីៗ ក៏ត្រូវបានរកឃើញថាមានមេរោគកូរ៉ូណាផងដែរ ហើយអ្នកជំនាញកំពុងពិនិត្យសំណាកបន្ថែមថាតើជាប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី ឬយ៉ាងណា។ បុរសនេះក៏បានឆ្លងបន្តទៅគ្រួសាររបស់គាត់ ៣ នាក់ទៀតផងដែរ ហើយអ្នកទាំងអស់នោះកំពុងត្រូវធ្វើការពិនិត្យបន្តផងដែរ។
ជាមួយនឹងការលេចឡើងនូវប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីនេះ កូរ៉េខាងត្បូងបានប្រកាសកាលពីថ្មីៗនេះថានឹងផ្អាកជើងហោះហើរមកពីអង់គ្លេសរហូតដល់ចុងឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds