ប្រជាកសិករដាំដំណាំទំពាំងបារាំងកំពុងជួបបញ្ហា ពេលដែលដំណាំរបស់ខ្លួនប្រឈមនឹងការកើតជំងឺ
(ខេត្តប៉ៃលិន) ៖ បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ជួន ទី អាយុ28ឆ្នាំ ជាកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឲ្យដឹង នៅព្រឹកថ្ងៃទី23 ខែធ្នូ ឆ្នាំ2020 ឲ្យដឹងថា ៖ គាត់បានប្រកបមុខរបរដាំដំណាំទំពាំងបារាំងនេះ អស់រយៈពេលជិត10ឆ្នាំមកហើយ ដោយចាប់តាំងពីដើមរហូតមកដល់ពេលនេះ គឺដំណាំរបស់គាត់គ្មានបញ្ហាអ្វីកើតឡើងឡើយទើបតែនៅឆ្នាំចុង2020 នេះ ដោយសារតែអាកាសធាតុមានការប្រែប្រួលដោយភ្លៀងច្រើន ស្រាប់តែដំណាំទំពាំងបារាំងរបស់គាត់មានការងាប់ដើម ចាប់តាំងពីស្លឹករហូតទៅដល់ឫស ខូចខាតជាបន្តបន្ទាប់ពីមួយដើមទៅមួយដើមឆ្លងគ្នា ទោះបីជាគាត់ខិតខំប្រឹង រកវិធីដើម្បីព្យាបាលដូចជា រកថ្នាំបាញ់ដាក់ជី តែគ្មានបានទទួលល្អនោះឡើយ ។
ប្រភពបន្តទៀតថា គាត់បានដាំទំពាំងបារាំងនេះចំនួនជាង1ម៉ឺនដើម ដោយប្រមូលផលក្នុងមួយថ្ងៃលក់បាន10 ទៅ 20 គីឡូក្រាម ដោយក្នុងមួយគីឡូលក់ដុំឲ្យម៉ូយតម្លៃ 14000រៀល ដោយមានម៉ូយមកពីខេត្តផ្សេងៗដូចជា សៀមរាប បាត់ដំបង រហូតដល់រាជធានីភ្នំពេញផងដែរ ។លោកក៏បានរៀបរាប់អំពីវិធីដាំផងដែរ ដោយទិញគ្រាប់មកពីប្រទេសថៃ ក្នុងមួយខាំ តម្លៃ10ម៉ឺនរៀល ។ គាត់ក៏បានដាក់ថង់បណ្ដុះគ្រាប់ ដោយ1គ្រាប់មួយថង់ ក្នុងរយៈពេល 2ខែ ទើបដុះ ហើយក៏យកទៅដាំ រយៈពេល6ខែទៀត ទើបបានប្រមូលផលដកលក់ឱ្យម៉ូយ ។ជាមួយគ្នាដែរ កាលពីព្រឹកថ្ងៃទី23 ខែធ្នូ ឆ្នាំ 2020 នេះ លោកក៏បានរាយការណ៍ទៅខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ឲ្យចុះទៅត្រួតពិនិត្យមើលដំណាំរបស់ខ្លួន ដោយខាងបច្ចេកទេស គេបានពិនិត្យមើលរួចរាលើហើយ និងមានជីឲ្យសាកល្បង ដើម្បីព្យាបាលដំណាំរបស់ខ្លួនផងដែរ ។ លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវភាពប្រចាំថ្ងៃ ខណៈដំណាំទំពាំងបារាំងរបស់ខ្លួនលែងទទួលបានផលដូចកាលពីមុន ដោយសារតែជំងឺវាយលុកពេញចម្ការតែម្ដង ។ មិនថា តែចម្ការរបស់លោកប៉ុណ្ណោះទេ សូម្បីតែចំការអ្នកភូមិក្រចាប់ទាំងមូល ដែលដាំទំពាំងបារាំង ក៏ទទួលរងនូវការខូចខាតដោយសារជំងឺនេះផងដែរ ។
លោកអំពាវនាវដល់មន្ត្រីជំនាញក៏ដូចជា ខាងមន្ទីរកសិកម្ម ឲ្យចុះទៅពិនិត្យមើលដំណាំទំពាំងបារាំងរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិរបស់ខ្លួន ដែលកំពុងតែទទួលរងការខូចខាតផងដែរ ។ចំណែកលោក សាយ សុផាត ប៉ៃលិន បានរៀបរាប់ឲ្យដឹង កាលពីរសៀលថ្ងៃទី 23 ខែធ្នូ ឆ្នាំ2020 ថា ៖ លោកបានឲ្យក្រុមការងារចុះទៅត្រួតពិនិត្យចំការខាងលើរួចរាល់កាលពីព្រឹកនេះហើយ ដោយមានការខូចខាតពិតប្រាកដមែន ។ លោកបានបន្តទៀតថា ការខូចខាតនេះ គឺដោយសារតែប្រជាពលរដ្ឋដាំដំណាំនៅលើដីដដែលៗ រយៈពេលយូរ ណាមួយអាកាសធាតុមិនអំណោយផលដោយសារភ្លៀងធ្លាក់ច្រើន ទើបបណ្ដាលឲ្យមានការកើតរោគខូចខាតបែបនេះ ។ តែមិនបានខូចខាតទាំងអស់នោះទេ គឺខូចតែមួយចំនួនប៉ុណ្ណោះ ហើយខាងមន្ទីរកសិកម្មកំពុងតែឱ្យជំនាញក៏ដូចជា អ្នកលក់ផលិតផល និងថ្នាំព្យាបាលចុះទៅជួយផងដែរ ៕