ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបន្ត ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងការទិញវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថា ការសម្រេចបន្តផ្តល់ការឧបត្ថម្ភ គឺដោយសារតែសម្តេចតេជោ យល់ឃើញថា កម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។
ជាមួយគ្នានោះ ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសម្តេចតេជោ ចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។
ដើម្បីឲ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះកាន់តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុង ភូមិ ឬ ឃុំ-សង្កាត់ ណាមួយ ។សម្តេចតេជោ បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា៕