យានស៊ើបអង្កេតផ្កាយព្រះគ្រោះបានត្រឡប់មកវិញជាមួយនឹងសំណាកដី នេះបើតាមការបញ្ជាក់ដោយក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន
(បរទេស)៖ កាលពីថ្ងៃទី១៥ ខែធ្នូក្រុមអ្នកវិទ្យាសាស្រ្តនៅទីភ្នាក់ងារអវកាសជប៉ុន បានបញ្ជាក់ថា បំពង់កាប់ស៊ុល (capsule) យកចេញកាលពីដើមខែធ្នូ ពីយានរុករក Hayabusa2 ដែលបានចុះនៅលើផ្កាយព្រះគ្រោះមួយ ពិតជាមានផ្ទុកនូវសំណាកប្រមូលបានពីផ្កាយព្រះគ្រោះនោះពិតប្រាកដមែន។យាន Hayabusa ត្រូវបានបង្ហោះទៅក្នុងទីអវកាសកាលពីឆ្នាំ ២០១៤ និងបានទៅដល់ផ្កាយព្រះគ្រោះមួយមកជិតផែនដីឈ្មោះថា Ryugu នៅឆ្នាំ ២០១៨។ យានរុករកនេះបានចំណាយពេលប្រហែលមួយឆ្នាំកន្លះ ដើម្បីហោះតាមគន្លង សង្កេតតាមដាន និង នៅទីបំផុត ចុះចតនៅលើផ្កាយព្រះគ្រោះនេះ ទីដែលយាននេះបានប្រមូលយកសំណាកផ្សេងៗ។
យាននេះបានវិលត្រឡប់មកផែនដីវិញកាលពីឆ្នាំមុន ដោយបានទម្លាក់បំពង់កាប់ស៊ុលដែលផ្ទុកសំណាកប្រមូលបានបោះ ចូលទៅក្នុងបរិយាកាសរបស់ផែនដីកាលពីថ្ងៃទី០៥ ខែធ្នូ។ បំពង់កាប់ស៊ុលនោះត្រូវបានគេទៅយកចេញពីតំបន់ដាច់ស្រយាលមួយនៃប្រទេសអូស្រ្តាលី ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA មានមូលដ្ឋានក្នុងក្រុងតូក្យូ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៥ ខែធ្នូ ក្រុមអ្នកវិទ្យាសាស្រ្តនៃទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន បាននិយាយថា ពួកគេបានធ្វើការដោយសន្សឹមៗ និងយកចិត្តទុកដាក់បំផុត ក្នុងការបើកបំពង់កាប់ស៊ុលនោះ ដើម្បីអាចរក្សាទុកនូវឧស្ម័ន និងធាតុផ្សេងៗទៀត ដែលប្រមូលបាននៅលើផ្កាយព្រះគ្រោះ Ryugu។ នៅមុនពេលបំពង់កាប់ស៊ុលនោះត្រូវបានបើក ពួកគេនៅតែមិនដឹងច្បាស់ថា ពួកគេទទួលបាននូវអ្វីដែលពួកគេកំពុងតាមរកឬទេ។
ប្រធានគម្រោងយាន Hayabusa នៃទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុនលោក Yuichi Tsuda បាននិយាយថា បំពង់កាប់ស៊ុលនោះមានផ្ទុកនូវសំណាកដី និងឧស្ម័នជាច្រើន។លោកបានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា៖ «អស់រយៈពេលជាង១០ឆ្នាំមកហើយ ចាប់តាំងពីពេលយើងចាប់ផ្តើមគម្រោងនេះ ហើយប្រាំមួយឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីពេលយើងបង្ហោះវាដំបូង។ នៅទីបំផុត ដីពីផ្កាយព្រះគ្រោះ ដែលយើងស្រមៃចង់បាននោះ បានមកដល់ដៃយើងហើយ»។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ពួកគេជឿថា សំណាកផ្សេងៗ ជាពិសេសសំណាកដែលយកពីផ្នែកក្រោមផ្ទៃនៃផ្កាយព្រះគ្រោះ មានផ្ទុកនូវទិន្នន័យមានតម្លៃ ដែលមិនបានរងការប៉ះពាល់ពីរលកវិទ្យុសកម្មនៅក្នុងលំហអវកាស និងពីកត្តាបរិស្ថានដទៃទៀត ដែលការណ៍នេះអាចជួយផ្តល់នូវតម្រុយពីដើមកំណើតរបស់ប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដីរបស់យើង។
ក្រុមអ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍ជាពិសេសចំពោះការសិក្សាវិភាគធាតុសរីរាង្គនៅក្នុងសំណាកទាំងនោះ។
ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុនសង្ឃឹមថា នឹងអាចរកឃើញតម្រុយពីបែបផែនដែលធាតុផ្សេងៗត្រូវបានបែងចែកនៅក្នុងប្រព័ន្ធព្រះអាទិត្យ និងរបៀបដែលធាតុទាំងនោះពាក់ព័ន្ធនឹងជីវិតនៅលើផែនដី។ ពួកគេមានគម្រោងនឹងចែករំលែកសំណាកមួយផ្នែកទៅឲ្យក្រុមអ្នកស្រាវជ្រាវដទៃទៀតនៅជុំវិញពិភពលោក ដែលរួមមានក្រុមអ្នកវិទ្យាសាស្រ្តនៅទីភ្នាក់ងារអវកាសអាមេរិក NASA ផងដែរ៕