ខេត្តក្រចេះ បន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មតាម៉ៅលើ កំពុងមានតម្រូវការខ្ពស់ ក្នុងទីផ្សារ

(ក្រចេះ)៖ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ 2020បន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មតាម៉ៅលើ កំពុងមានតម្រូវការខ្ពស់ ក្នុងទីផ្សារ ខណៈដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានងាកមកទទួលទានបន្លែសុវត្ថិភាព ។
លោក អ៊ឺ សុខឡាង ប្រធានសហគមន៍កសិកម្មតាម៉ៅលើ ស្ថិតនៅក្នុងភូមិតាម៉ៅលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា បន្លែសុវត្ថិភាពដែលដាំក្នុងសហគមន៍ទំាងអស់ គឺមានការបង្រៀន និងណែនាំពីខាងមន្ត្រីជំនាញ ពីការថែទាំ ការជ្រើសរើសពូជ ការជ្រើសរើសដី ជាពិសេសការប្រើប្រាស់ជីធម្មជាតិ ដោយផ្ដោតសំខាន់ទៅលើគុណភាពនិងសុវត្ថិភាពជាចម្បង ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
លោកបន្តថា សហគមន៍មានការរៀបចំផែនការច្បាស់លាស់សម្រាប់ប្រជាកសិករមុននឹងធ្វើការដាំដុះ ដែលមានដូចជា ជ្រើសរើសប្រភេទបន្លែណាដែលមានទីផ្សារ ទទួលបានតម្លៃល្អ ផ្លាស់ប្ដូរការដាំបន្លែកុំឱ្យជាន់គ្នា ដើម្បីបង្កលក្ខណៈងាយស្រួលកុំឱ្យនៅពេលទទួលផលសល់ជន់ជោរ ជាពិសេសឆ្លើយតបទៅតាមតម្រូវការទីផ្សារ ។
សំឡេង ៖ ដាំមួយវគ្គៗដូចជាត្រសក់រៀបផែនការឱ្យគាត់ដាំ២០ថ្ងៃ ម៉ាប្លង់ ២០ប្លង់ដូចជាត្រប់អីអោយគាត់ដាក់មួយខែទៅមួយខែកន្លះ ហើយខ្ញុំរៀបឱ្យគាត់ដាំបើមិនអញ្ចឹងទេគឺដាំជាន់គ្នាអ៉ីចឹងគឺឱ្យគាត់ដាំឆ្លាស់គ្នា២០ថ្ងៃម្ដងដូចជាត្រសក់អី។
លោក បញ្ជាក់ថា ក្នុងមួយថ្ងៃអាចប្រមូលផលបាន១តោន។សម្រាប់តម្លៃគឺ ត្រប់ក្នុង១គីឡូ ១៥០០រៀល ត្រសក់ ១៥០០រៀល ម្ទេស ២៥០០រៀល ម្រះ២៥០០រៀល។លោកបានបន្ថែមថាខាងសហគមន៍កសិកម្មតាម៉ៅលើក៏បានចុះកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយក្រុមហ៊ុន រ៉េមិច និង ភូមិកសិកម្មធម្មជាតិនៅរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មតាម៉ៅលើ បានបង្កើតឡើងតាំងពីឆ្នាំ២០១៩ និងមានសមាជិក២៥គ្រួសារ ដែលបាន ដាំដុះបន្លែដូចជា ត្រសក់ ម្ទេសប្លោក ស្ពៃក្ដោបនិងផ្កាខាត់ណា ដែលមានផ្ទៃដីសរុប ៣០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds