បញ្ហាចំនួនពីរ ដែលឥណ្ឌាប្រឈមនោះគឺ វិបត្តិសេដ្ឋកិច្ចនិងការប្រឈមមុខជាមួយប្រទេសចិន
(បរទេស)៖ ឥណ្ឌារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតក្នុងពេលជាច្រើនទសវត្សរ៍នៅពេលជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងការប្រឈមមុខផ្នែកយោធាជាមួយប្រទេសចិននៅតាមព្រំដែនតំបន់ហេមពាន្តដែលមិនទាន់ដោះស្រាយដែលបានធ្វើឲ្យខូចទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលនេះ។
ឥណ្ឌាជាប្រទេសបិទសកម្មភាពសង្គមតឹងរ៉ឹងបំផុតក្នុងពិភពលោកកាលពីខែមីនានៅពេលប្រទេសនេះ មានតែពីរ បីរយករណីប៉ុណ្ណោះ ប៉ុន្តែវិធានការតឹងរ៉ឹងនោះ មិនបានបញ្ឈប់មិនឲ្យវីរុសនេះឆ្លងច្រើនទេ នៅពេលប្រទេសនេះ ចាប់ផ្តើមបើកសកម្មភាពសង្គមឡើងវិញ។ នៅដំណាច់ឆ្នាំនេះ ឥណ្ឌាជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី២ក្នុងពិភពលោក ដោយមានអ្នកឆ្លងជិត១០លានករណី។ប៉ុន្តែនៅពេលដែលមនុស្សរាប់លាននាក់បាត់បង់ការងារ ហើយអាជីវកម្មខ្នាតតូចរាប់រយត្រូវបានបិទ អ្នកវិភាគបានព្រមានថា បញ្ហាសេដ្ឋកិច្ចបណ្តាលពីជំងឺរាតត្បាតមានសភាពធ្ងន់ធ្ងរជាងវិបត្តិសុខភាព។
សញ្ញាដំបូងនៃទុក្ខព្រួយបានកើតឡើងនៅក្នុងខែមេសា នៅពេលប្រទេសឥណ្ឌាមានពលករចំណាកស្រុកច្រើនមិនធ្លាប់មានពីមុនមក ដែលគ្មានការងារធ្វើនៅក្នុងទីក្រុង។ ពួកគេជាច្រើនដើររាប់រយគីឡូម៉ែត្រនៅពេលសេវាដឹកជញ្ជូនទាំងអស់ត្រូវបានបិទភ្លាមៗ។សេដ្ឋវិទូ Arun Kumar នៅទីក្រុងញូវដេលី បាននិយាយថា៖ «នៅលើពិភពលោកនេះគ្មានប្រទេសណាដូចប្រទេសឥណ្ឌាទេ ដែលមានមនុស្សរាប់លាននាក់ដើរទៅភូមិរបស់ពួកគេដោយក្រពះទទេរ និងគ្មានលុយ។ ក្នុងសោកនាដកម្មនេះ វិស័យដែលគ្មានការរៀបចំរងគ្រោះខ្លាំងបំផុតដោយសារការបិទសកម្មភាពសង្គម ព្រោះប្រជាជនភាគច្រើនមានដើមទុនតិចតួចណាស់ មិនអាចទប់ទល់បាននៅពេលបិទសកម្មភាពសង្គមរយៈពេលយូរនោះទេ»។
ប្រទេសឥណ្ឌា បានរងគ្រោះខ្លាំងជាងគេក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ពីព្រោះជិត៩០%នៃកម្លាំងពលកម្មរបស់ខ្លួន ពឹងផ្អែកលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដ៏ធំធេងក្នុងប្រទេស។ សេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះប្រហែល៩ភាគរយនៅឆ្នាំនេះដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលបួនទសវត្សរ៍។
មជ្ឈមណ្ឌលឃ្លាំមើលសេដ្ឋកិច្ចឥណ្ឌាបានប៉ាន់ប្រមាណថា ការងារប្រហែល១២០លានត្រូវបាត់បង់ពីខែមេសាដល់ខែមិថុនា៕