ក្រុមគ្រូពេទ្យស្នើសុំសម្តេច ស ខេង ចាត់វិធានការលើ លោក យូ ស៊ីឡិ ប្រធានOD ស្រុកព្រះស្តេច យកដីរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ

ព្រៃវែង ៖ ថ្មីៗនេះ ក្រុមគ្រូពេទ្យ និងមន្ត្រី នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង បានសំដែងការមិនពេញចិត្ត និងបានធ្វើលិខិតស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការផ្លូវច្បាប់ទៅលើលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច និងបក្សពួក បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនៅក្នុងមន្ទីរពេទ្យ និងយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

បើយោងតាមក្រុមគ្រូពេទ្យ និងមន្ត្រី ក៏ដូចជា ប្រជាពលរដ្ឋ បានបញ្ជាក់ថា ៖ លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច បានយកប្រឡាយ និងដីមណ្ឌលសុខភាពឃុំអង្គររាជ្យ មកកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សង់ផ្ទះធ្វើរបងជុំវិញ និងធ្វើបន្ទប់ជួល ចំនួន ៧បន្ទប់ លើទំហំដី ទទឹង ៣១ម៉ែត្រ និងបណ្តោយ ៩៣ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

មិនត្រឹមតែប៉ុណ្ណោះលោក យូ ស៊ីឡិ ប្រធាន OD ស្រុកព្រះស្តេច និងបក្សពួក បង្កើតក្រុមបក្សពួកនិយមជាប្រព័ន្ធក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ នៅក្នុងមន្ទីរពេទ្យ ដូចជា ៖

ទី១. លុយ បសស ដែលទូទាត់ថ្លៃសេវាព្យាបាលមន្ត្រីរាជការ កម្មករ កម្មការិនី និយោជិក កងកម្លាំងប្រដាប់អាវុធ ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម មិនដែលចែកឲ្យបុគ្គលិក ដែលខិតខំថែទាំព្យាបាល និងផ្តល់សេវាសម្រាប់ពួកគាត់ ចាប់ពីឆ្នាំ២០១៨ មក ។

ទី២. លុយក្បាលកូនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ពេទ្យដល់ពេទ្យឆ្មប ក្នុងមួយករណី ៤ម៉ឺនរៀល ជាក់ស្តែងទទួលបានតែ ១ម៉ឺន ៦ពាន់រៀលប៉ុណ្ណោះ ។

ទី៣. លុយដែលមន្ទីរពេទ្យរកចំណូលបានពីការព្យាបាលជំងឺក្នុងមន្ទីរពេទ្យ (លុយហិរញ្ញប្បទាន) ១០០% ក្នុងនោះមាន ១% ត្រូវបង់ជូនរដ្ឋ ៣៩% សម្រាប់ដំណើរការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ និង ៦០% ទៀត សម្រាប់បែងចែកដល់បុគ្គលិកមន្ទីរពេទ្យ ប៉ុន្តែលោក យូ ស៊ីឡិ និងបក្សពួក មិនបានបែងចែកដល់បុគ្គលិកគ្រប់ ៦០% នោះទេ ។

ទី៤. លុយវាយតម្លៃប្រចាំត្រីមាស ១០០% ដែលមន្ទីរពេទ្យទទួលបាន ត្រូវបែងចែកដល់បុគ្គលិក ៨០% និង ២០% ទៀត សម្រាប់ដំណើរការផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ប៉ុន្តែលោក យូ ស៊ីឡិ និងបក្សពួក មិនបានបែងចែកតាមការកំណត់ របស់ក្រសួងសុខាភិបាល ឡើយ ដោយក្រុមលោក យូ ស៊ីឡិ បានធ្វើតារាងថវិកាជាពីរច្បាប់ ។ ក្នុងនោះ ១ច្បាប់ សម្រាប់ទុកឲ្យមន្ទីរសុខាភិបាលខេត្ត ត្រួតពិនិត្យ និង ១ច្បាប់ទៀត ទុកសម្រាប់បែងចែកដល់បុគ្គលិក ដែលទាំងពីរច្បាប់នេះ មានតួរលេខខុសគ្នា ។

ទី៥. លុយដំណើរការរបស់មន្ទីរពេទ្យ (៦២០២៨) ២៥០លានរៀល ក្នុងមួយឆ្នាំៗ ដែលក្រសួងផ្តល់ឲ្យ ដើម្បីអភិវឌ្ឍនៅក្នុងមន្ទីរពេទ្យ ត្រូវបានលោក យូ ស៊ីឡិ និងបក្សពួក មិនបានយកលុយទាំងនោះ ទៅអភិវឌ្ឍឡើយ គឺលោក យូ ស៊ីឡិ និងបក្សពួក បានឃុបឃិតគ្នាធ្វើវិក្ត័យបត្រក្លែងក្លាយ ដើម្បីកេងកិបយកលុយទាំងនោះទុកផ្ទាល់ខ្លួន មិនដែលទិញសម្ភារៈបរិក្ខាប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដូចជា ៖ ទិញឱសថ និងសម្ភារៈផ្សេងៗឡើយ។

ទី៦. លោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដែលមានតែឈ្មោះ (មន្ត្រីខ្មោច) តែមិនមកបម្រើការងារក្នុងអង្គភាពមន្ទីរពេទ្យបង្អែកព្រះស្តេច ជាមន្ត្រីដែលផ្តល់ដោយក្រសួងមុខងារសាធារណៈឡើយ ។ មន្ត្រីជាប់កិច្ចសន្យាដែលមានតែឈ្មោះ អត់មកធ្វើការនោះរួមមាន ៖ លោកវេជ្ជបណ្ឌិត ឆៃ សុផល តួនាទីគ្រូពេទ្យព្យាបាល លោក ចិន ដាណេត តួនាទីអ្នកបើកបរឡានពេទ្យ លោកស្រី ជុន សុផល តួនាទីបុគ្គលិកអនាម័យ និងលោក ព្រុំ យ៉ុង តួនាទីបុគ្គលិកអនាម័យ ។

ជុំវិញករណីទាំងពីរនេះ ក្រុមគ្រូពេទ្យ និងមន្ត្រី ក៏ដូចជា ប្រជាពលរដ្ឋ បានធ្វើលិខិតស្នើសុំ ដោយមានភ្ជាប់ស្នាមមេដៃ នឹងត្រូវគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់លើលោក យូ ស៊ីឡិ ប្រធាន OD ស្រុកព្រះស្តេច និងបក្សពួក នាពេលខាងមុខឆាប់ៗនេះ ។

គួររំលឹកថា តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសអនុវត្តអភិក្រមទី៥ សំដៅវះកាត់មន្ត្រីខិលខូចពាក់ព័ន្ធករណីដីធ្លីរបស់រដ្ឋ និងប្រជាជន ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds