អាជ្ញាធរសុខាភិបាលអង់គ្លេស និយាយថា អ្នកមានប្រវត្តិអាឡែហ្ស៊ី មិនគួរចាក់វ៉ាក់សាំងកូវីដ១៩ទេ
(បរទេស)៖ បើយោងតាមសារព័ត៌មាន CNN បានផ្សាយអត្ថបទពិស្តារមួយ ក្រោមចំណងជើងថា៖ «នេះជាអ្វីដែលយើងគួរយល់ដឹង អំពីវ៉ាក់សាំង Pfizer- ហើយអ្នកណាដែលគួរទទួលវ៉ាក់សាំងកូវីដ១៩ មុនគេ?»។
អត្ថបទព័ត៌មាន CNN បានរៀបរាប់ថា អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា អ្នកដែលមាន ប្រវត្តិប្រតិកម្មអាឡែហ្ស៊ី មិនគួរទទួលថ្នាំបង្ការនេះទេ។ ដំបូន្មាននេះបានកើតឡើងបន្ទាប់ពីបុគ្គលិកថែទាំសុខភាព២នាក់ មានប្រតិកម្មយ៉ាងអាក្រក់ បន្ទាប់ពីពួកចាក់វ៉ាក់សាំងនេះ។ គេក៏មិនទាន់ច្បាស់ដែរថាតើវ៉ាក់សាំងនេះ មានសុវត្ថិភាពសម្រាប់ក្រុមផ្សេងទៀត ដូចជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម១៦ឆ្នាំយ៉ាងដូចម្តេចនៅឡើយទេ។ ជំនាញបាននិយាយថា ជាការកត់សម្គាល់ មនុស្សម្នាក់ត្រូវការវ៉ាក់សាំង Pfizer ចំនួន២ដូស ហើយតាមការវាយតម្លៃវ៉ាក់សាំងនេះប្រសិទ្ធភាព៩៥%។
អជ្ញាធរសុខភាពសហរដ្ឋអាមេរិកបានយល់ព្រមឲ្យប្រើវ៉ាក់សាំង Pfizer ១០០លានដូសដំបូង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកលោក លោក Alex Azar បានប្រាប់ CNN នៅថ្ងៃពុធថា ប្រជាជនអាមេរិក២០លាននាក់ អាចទទួលបានវ៉ាក់សាំង នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ថា ក្រុមដែលទទួលវ៉ាក់សាំង នៅខែធ្នូ មករា កុម្ភៈ និង មីនា គឺមនុស្សដែលស្ថិតក្នុងក្រុមអាទិភាពខ្ពស់ ជាពិសេសមន្ត្រីសុខាភិបាល ដែលនៅជិតបំផុតនឹងអ្នកជំងឺ។
ការដឹកបញ្ជូនវ៉ាក់សាំងគឺមានភាពស្មុគស្មាញ ដោយសារតែវ៉ាក់សាំងនេះត្រូវការសីតុណ្ហភាពត្រជាក់ ដក៧០អង្សាក្រោមសូន្យ។ ក្រុមហ៊ុនដឹកជញ្ជូនធំ២គឺ UPS និង FedEx បាននិយាយថា ពួកគេកំពុងជួយគាំទ្រលើការដឹកជញ្ជូនចេញពីរោងចក្រ Pfizer នៅ Kalamazoo នៃរដ្ឋ Michigan៕