ប្រទេសក្រីក្រអាចប្រឈមនឹងការរង់ចាំរយៈពេលយូរទើបអាចទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩
(អន្តរជាតិ) បើយ៉ោងតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា ប្រទេសក្រីក្រអាចប្រឈមនឹងការរង់ចាំក្នុងរយៈពេលយូរទើបអាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យកទៅប្រើប្រាស់។ ជាពិតណាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវបានគេប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើន បើទោះជាវ៉ាក់សាំងទាំងនោះទើបមានប្រសិទ្ធភាពជាង ៩០% ក៏ដោយ។ សេចក្តីប្រកាសពីការរកឃើញវ៉ាក់សាំងបានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកសប្បាយចិត្តយ៉ាងខ្លាំង ស្របពេលដែលក្រុមអ្នកជំនាញបានព្រមានកុំឲ្យពលរដ្ឋទាំងអស់ឆាប់ភ្លេចខ្លួនពេក ពោលគឺត្រូវបន្តការពារខ្លួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលសិន ព្រោះវ៉ាក់សាំងដែលគេទើបរកឃើញនោះនៅមានចំនួនតិចតួចមិនទាន់អាចផ្គត់ផ្គង់តាមតម្រូវការជាក់ស្តែងនៅឡើយទេ។
ក្នុងពេលរុករកវ៉ាក់សាំង ប្រទេសអ្នកមានជាច្រើនបានផ្តល់ប្រាក់យ៉ាងច្រើនសម្បើមទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រសម្រាប់បំពេញការងារផ្សេងៗ ហើយប្រទេសអ្នកមានទាំងនោះក៏មានពលរដ្ឋរាប់លាននាក់ផងដែរ ដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។ ពិតណាស់ថា ក្រុមហ៊ុនផលិតឱសថនឹងមិនបដិសេដចំពោះការបញ្ជាទិញវ៉ាក់សាំងពីសំណាក់ប្រទេសក្រីក្រនោះទេ តែក្រុមហ៊ុននឹងធ្វើការលក់ជូនអតិថិជនដែលមកទិញមុន ពោលគឺក្រុមប្រទេសអ្នកមាននោះឯង។ កត្តាជាក់ស្តែងមួយទៀតគឺការផលិតវ៉ាក់សាំងនៅមានចំនួនកំណត់នៅឡើយ ដូចនេះហើយប្រទេសនីមួយៗត្រូវទទួលបានវ៉ាក់សាំងជាច្រើនដំណាក់កាលក្នុងពេលវេលាដាច់ៗពីគ្នា ដែលហេតុផលនេះនឹងធ្វើឲ្យប្រទេសកី្រក្រនិងមានពលរដ្ឋច្រើននោះរឹតតែត្រូវការពេលវេលាយូរបន្ថែមទៀតទម្រាំតែអាចទទួលបានវ៉ាក់សាំងចាក់ជូនគ្រប់ពលរដ្ឋគ្រប់ចំនួនទាំងអស់៕