សេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងមានភាពល្អប្រសើរជាងការរំពឹងទុក នេះបើតាមការបញ្ជាក់របស់គោលនយោបាយសារពើពន្ធ (FPO)

(បរទេស)៖ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) របស់ប្រទេសថៃបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងមានភាពល្អប្រសើរជាងការរំពឹងទុក ដែលជួយដោយការងើបឡើងវិញនូវការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។
លោកស្រី Kulaya Tantitemit អគ្គនាយកស្តីទីនៃ FPO បាននិយាយថា សេដ្ឋកិច្ចថៃគួរតែថយចុះតិចជាង ៧,៧ភាគរយដែលការិយាល័យនេះបានព្យករទុកកាលពីក្នុងខែតុលា ដោយសារតែស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពប្រសើរឡើងដូចដែលបានបង្ហាញដោយផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី ៣។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃបានធ្លាក់ចុះ ៦,៤ភាគរយនៅក្នុងត្រីមាសទី ៣ បន្ទាប់ពីការធ្លាក់ចុះ ១,៨ភាគរយ និងការធ្លាក់ចុះ ១២,១ភាគរយនៅក្នុងត្រីមាសទី ១ និងទី ២ ។ បន្ទាប់ពីការកែតម្រូវតាមរដូវកាល សេដ្ឋកិច្ចបានកើនឡើង ៦,៥ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងរយៈពេលចាប់ពីខែកក្កដាដល់ខែកញ្ញា ពីត្រីមាសទី ២ ។ ក្នុងរយៈពេល ៩ខែដំបូង សេដ្ឋកិច្ចបានធ្លាក់ចុះ ៦,៧ភាគរយ។
ការធ្វើឱ្យប្រសើរឡើងនេះត្រូវបានគេសន្មតថា ជាការបន្ធូរបន្ថយវិធានការទប់ស្កាត់ និងការរឹតត្បិតការធ្វើដំណើរក្នុងស្រុក រួមជាមួយវិធានការណ៍ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការជំរុញសារពើពន្ធ។
ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំត្រូវបានព្យាករដោយការិយាល័យ FPO ចំនួន ៧,៧ភាគរយនៅក្នុងឆ្នាំនេះ ជាមួយនឹងកំណើន ៤,៥ភាគរយសម្រាប់ឆ្នាំក្រោយ។
លោកស្រី Kulaya បាននិយាយថា ការប្រើប្រាស់ក្នុងស្រុក គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះ ខណៈដែលការនាំចេញមានការធ្លាក់ចុះដោយសារការរីករាលដាលខ្លាំងនៃជំងឺរាតត្បាត។
លោក Anusorn Tamajai អតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit បានប៉ាន់ប្រមាណថា រលកទី ២ នៃការឆ្លងជំងឺកូវីដ-១៩ នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ក្នុងស្រុកខាតបង់ប្រហែល ១៦ប៊ីលានបាត (៥៣០លានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកអបអរឆ្នាំថ្មី។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (NESDC) បានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើងដល់ ៤,៥ភាគរយនៅក្នុងឆ្នាំ ២០២១៕
(ប្រភព VNA )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds