អ្នកប៉ះពាល់ «ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា» សរុបទាំងអស់ចំនួន ១១៣០៥នាក់ ក្នុងនោះមាន៣២នាក់ ឆ្លងវីរុសកូវីដ-១៩
(ភ្នំពេញ)៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា គិតពីថ្ងៃទី ២៩ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ១១,៣០៥នាក់ ដែលក្នុងចំនួននេះ មានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣២នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ និងមណ្ឌលសុខភាពចាក់អង្រែ ។
តាមក្រសួងសុខាភិបាល នៅថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានយកវត្ថុសំណាក ដែលនៅសល់កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន១០៧សំណាក បូកបន្ថែម និងវត្ថុសំណាកដែលទទួលបាននៅថ្ងៃដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៥២៣សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ២២៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនព៧ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានជាសះស្បើយ។
ករណីវិជ្ជមានខាងលើ រួមមាន៖ ១. បុរសជនជាតិ ខ្មែរ ឈ្មោះ អ៊ុ តារា អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកជំងឺនេះ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ភេទប្រុសអាយុ ២២ ឆ្នាំធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ -១៩ នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។
លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលខាងលើនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវប៉ាន ដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែជធានីភ្នំពេញ។
និងទី២. ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមក្រសួងសុខាភិបាល ស្ត្រីរូបនេះ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ធ្លាប់បានចូលក្នុងហាង Zendo បឹងកេងកងនៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅម៉ោង ២០:៣០ នាទីយប់ (ដោយមិនបានការពារត្រឹមត្រូវ) ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣២នាក់ហើយ។ ហើយរហូតមកដល់ពេលនេះ ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៤៨ករណី ក្នុងនោះអ្នកជំងឺ៣០៦ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕