លោកប្រធានាធីបតីជាប់ឆ្នោតថ្មី Biden ជ្រើសតាំងអ្នកការទូតជើងចាស់របស់ស.រ.អ អ្នកស្រី Linda Thomas-Greenfield ជាឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប

(បរទេស)៖ក្រុមអន្តរកាលរបស់លោក Joe Biden ដែលគេសន្មតថា ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា លោកបានជ្រើសតាំងអ្នកការទូតជើងចាស់របស់ស.រ.អ គឺអ្នកស្រី Linda Thomas-Greenfield ឱ្យចូលរួមក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ក្នុងឋានៈជាឯកអគ្គរដ្ឋទូតស.រ.អ ប្រចាំ អង្គការសហប្រជាជាតិ (អ.ស.ប.)។ តំណែងនេះ តម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភា។

អ្នកស្រី Linda Thomas-Greenfield បានធ្វើការនៅក្នុងរដ្ឋបាលប្រជាធិបតេយ្យ និងរដ្ឋបាលសាធារណរដ្ឋក្នុងរយៈពេល៣៥ឆ្នាំនៃអាជីពរបស់អ្នកស្រីនៅក្រសួងការបរទេសស.រ.អ។ ក្នុងឋានៈជាអ្នកជំនាញខាងកិច្ចការទ្វីបអាហ្រិ្វក អ្នកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតស.រ.អ ប្រចាំប្រទេសលីបេរីយ៉ា (Liberia) ហើយអ្នកស្រីបានកាន់មុខតំណែងក្នុងប្រទេសកេនយ៉ា (Kenya) ប្រទេសហ្គំប៊ី (Gambia) និងប្រទេស នីហ្សេរីយ៉ា (Nigeria)។

គួរបញ្ជាក់ថានៅពេលលោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតី អ្នកស្រីបានបម្រើការជាឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការិយាល័យកិច្ចការអាហ្រិ្វក ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដោយអភិវឌ្ឍ និងចាត់ចែងគោលនយោបាយរបស់រដ្ឋាភិបាលក្រុង Washington ចំពោះតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្រិ្វក។ អ្នកស្រី ក៏បានធ្វើការក្នុងនៅទីក្រុង Geneve ដែរ នៅឯស្ថានបេសកកម្មស.រ.អ ប្រចាំអ.ស.ប។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds