ទីក្រុងស៊ូវ៉ុនប្រទេសកូរ៉េផ្តល់អំណោយរថយន្តដឹកសំរាម ១គ្រឿង និងម៉ាស់ចំនួន៣ម៉ឺនជូនសាលាខេត្តសៀមរាប
(ភ្នំពេញ)៖ ឯកឧត្តមអភិបាលក្រុងស៊ូវ៉ុន Yeom Tae-young បានស្វាគមន៍ឯកអគ្គរាជទូត និងប្រតិភូស្ថានទូតកម្ពុជាទៅកាន់ទីក្រុងស៊ូវ៉ុន ប្រកបដោយភាពរួសរាយរាក់ទាក់ ព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម ១គ្រឿង និងម៉ាស់ចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាបដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយក្រុងស៊ូវ៉ុន។
ឯកឧត្តមអភិបាលក្រុងស៊ូវ៉ុនបានលើកឡើងថា កម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដោយទីក្រុងស៊ូវ៉ុនធ្លាប់បានទទួលនូវអំណោយម៉ាស់ចំនួន ២ម៉ឺនកាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីត-១៩ ដំបូងកាលពីអំឡុងខែមីនាកន្លងមកនេះ ពីខេត្តសៀមរាបកម្ពុជាយើង។ លោកបានអះអាងថាអំពើល្អជាសប្បុរសរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្តល្អក្នុងគ្រាលំបាក
ក្រោយពីជំងឺរាតត្បាតសកល នេះសាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុននឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបលើការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយសោមនស្សរីករាយបំផុត។
អាស្រ័យដូចនេះហើយបានជាលោកអភិបាលក្រុងស៊ូវ៉ុន បានរៀបចំទស្សនកិច្ចសិក្សាជូនប្រតិភូស្ថានទូតកម្ពុជាឲ្យបានពិនិត្យនៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ-សុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបានយ៉ាងណែននូវទិន្នន័យក៏ដូចជារូបភាពនៅតាមដងផ្លូវ ទីសាធារណៈនានា សំដៅផ្ដល់ឲ្យប្រជាជន នៅក្រុងស៊ូវ៉ុនរស់នៅ ធ្វើការ រកទទួលទាន រៀនសូត្រ ប្រកបដោយផាសុកភាពគួរឱ្យចង់រស់នៅ៕
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាងនោះមានចំនួនប្រមាណជា ១ម៉ឺន ៥ពាន់នាក់។
ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូលដូចជាខេត្តកណ្ដាលរបស់យើងអញ្ចឹងដែរ និងមានប្រជាជនចំនួន ១,៣00,000 នាក់៕