រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោកPham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Saleumsay Kommasithរៀបចំកិច្ចពិគ្រោះយោបល់ផ្នែកនយោបាយថ្នាក់រដ្ឋមន្ត្រីការបរទេស
(បរទេស)៖ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោកPham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Saleumsay Kommasith បានចែករំលែកទស្សនៈគ្នាថា ទំនាក់ទំនងរវាងវៀតណាម – ឡាវ កំពុងមានការរីកចម្រើន បើទោះបីជាមានការលំបាកជាច្រើនដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។
ក្នុងពេលធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី ៧ ថ្នាក់រដ្ឋមន្រ្តីការបរទេសក្នុងទីក្រុងវៀងចន្ទន៍បណ្តាមន្រ្តីនៃភាគីទាំងពីរបាននិយាយថាកិច្ចសហប្រតិបត្តិការនយោបាយត្រូវបានពង្រឹងយ៉ាងខ្លាំងដោយមានដំណើរទស្សនកិច្ចទៀងទាត់ កិច្ចពិភាក្សាតាមទូរស័ព្ទ និងកិច្ចប្រជុំថ្នាក់ខ្ពស់ជាច្រើនត្រូវបានរក្សា។
ការយកចិត្តទុកដាក់ត្រូវបានធ្វើឡើងចំពោះយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ដូចជាវិស័យសន្តិសុខ ការពារជាតិ កិច្ចការខាងក្រៅ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាដើម។
រដ្ឋមន្រ្តីទាំងពីរបានយល់ស្របក្នុងការណែនាំដល់ក្រសួងការបរទេសទាំងពីរឱ្យសម្របសម្រួលបន្ថែមទៀតក្នុងការបំពេញទស្សនកិច្ច និងកិច្ចប្រជុំថ្នាក់ខ្ពស់ឱ្យបានប្រសើរជាងមុន និងត្រៀមសម្រាប់កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្របពេលដែលកំពុងសហការជាមួយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ កម្មវិធី និងគម្រោងនានា។
ពួកគេបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរត្រូវបានពង្រឹងការអនុវត្ត និងប្រសិទ្ធភាព តាមរយៈយន្តការសហប្រតិបត្តិការប្រចាំឆ្នាំនៅថ្នាក់រដ្ឋមន្រ្តី និងអនុរដ្ឋមន្ត្រី ព្រមទាំងយន្តការ និងទម្រង់ដទៃទៀតដែលគ្របដណ្តប់លើវិស័យជាច្រើន។
គួរឱ្យកត់សម្គាល់ថា ភាគីទាំងពីរបានទទួលជោគជ័យក្នុងកិច្ចពិគ្រោះយោបល់នយោបាយតាមប្រព័ន្ធអ៊ីនធើណេតនៅថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសកាលពីខែតុលា ហើយបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូតសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២០-២០២៥ ។
លោក Minh បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ភាគីឡាវដែលបានជួយគាំទ្រប្រទេសវៀតណាមឱ្យទទួលបានអាសនៈនៅតាមទីភ្នាក់ងារ និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិនាពេលកន្លងមក និងសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់វៀតណាមនៅក្នុងឆ្នាំ ២០២០ ៕
(ប្រភព VNA )