គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៤:០០នាទីរសៀលករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ និងមានអ្នកស្លាប់កេីនដល់៧នាក់
(ភ្នំពេញ):ក្រសួងសុខាភិបាលជម្រាបជូននូវរបាយការណ៌សង្ខេប ស្តីពីបចុប្បន្នភាពករណីពុលស្រាសរ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៤:០០នាទីរសៀល :
- ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់)។
- អ្នកចេញជាសះស្បេីយ ចំនួន ៩០នាក់។
- កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។
- សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
- អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់។
សូមបញ្ជាក់ថា ករណីសង្ស័យពុលស្រាសនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកម្មវិធីបុណ្យសពមួយ នៅក្នុងភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រីឯនៅក្នុងពិធីបុណ្យសពនោះដែរ ក៏មានការជួបជុំពិសារស្រាស និងមានការទទួលទានបាយសម្ល និងទឹកជាធម្មតា ទៅតាមលក្ខណៈប្រពៃណីខ្មែរយើង ក្នុងពិធីបុណ្យសពនីមួយៗ។
ដោយឡែកស្ត្រីម្នាក់រស់នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពក ស្រុកទឹកផុស ដែលប្ដីរបស់គាត់បានស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះដែរ បានប្រាប់ឱ្យដឹងដែរថា នៅពេលដែលប្ដីរបស់គាត់បានត្រឡប់មកពីចូលរួមក្នុងពិធីបុណ្យសពនៅក្នុងភូមិវិញ ប្ដីរបស់គាត់ក៏បានពោលប្រាប់គាត់ថា គាត់ហាក់មានអាការៈណែនទ្រូង ឈឺក្បាល និងមានក្អួតចង្អោរទៀតផង ពេលឃើញដូច្នេះ គាត់ក៏បានស្រូតរូតនាំប្តីរបស់គាត់ទៅមណ្ឌលសុខភាពភ្លាមៗដែរ។ តែដោយប្ដីរបស់គាត់មានអាការៈធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរស៣នាក់ ដែលជាអ្នកបិតស្រាស យកមកធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយរង់ចាំចំណាត់ការបន្តប្រសិនបើរកឃើញថា មានការពាក់ព័ន្ធទៅនឹងហេតុការណ៍ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ នៅក្នុងស្រុកទឹកផុសខាងលើនេះ៕