ទីបំផុតលោក ចូ បៃដិន ត្រូវបានប្រកាសជាផ្លូវការពីជ័យជំនះ នៅរដ្ឋ Pennsylvania និង Neveda !
(ភែនស៊ីលវេនៀ)៖ អង្គបោះឆ្នោតនៅរដ្ឋភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋ Nevada បានសម្រេចឱ្យលោក បៃដិន ទទួលបានជ័យជម្នះលើលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ការប្រកាសទទួលស្គាល់ជ័យជម្នះនេះ នឹងផ្ដល់ឱ្យលោក បៃដិន នូវអង្គបោះឆ្នោត ២០រូបក្នុងរដ្ឋភែនស៊ីលវេនៀ និងអង្គបោះឆ្នោត ០៦រូបនៅក្នុងរដ្ឋ Nevada ដែលនឹងធ្វើឱ្យលោក ទទួលបានសំឡេងអង្គបោះឆ្នោតលើស ២៧០រូប ដែលចាំបាច់ដើម្បីជាប់ឆ្នោត ធ្វើជាប្រធានាធិបតីអាមេរិកទី ៤៦។
ទីភ្នាក់ងារព័ត៌មាន AP ថា លោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប រីឯលោក ដូណាល់ ត្រាំ ទទួលបាន ២៣២រូប ខណៈរដ្ឋ Nevada ស្ថិតនៅក្នុងចំណោមរដ្ឋទៃទៀតរបស់សហរដ្ឋអាមេរិក ដែលនឹងបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោតជាផ្លូវការ ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រាប់ក្រុមមន្ត្រីនៃរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (GSA) ឲ្យរៀបចំដំណើរការផ្ទេរអំណាច ទៅឲ្យលោក ចូ បៃដិន ជាផ្លូវការ បន្ទាប់ពីពាក្យបណ្ដឹងជំទាស់លទ្ធផលបោះឆ្នោតរបស់លោក ត្រូវបានតុលាការច្រានចោលជាបន្តបន្ទាប់។
លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ ក៏បានជ្រើសតាំងមន្ត្រីសំខាន់ៗ ដើម្បីកាន់តំណែងកំពូលៗក្នុងជួររដ្ឋាភិបាល ជាបណ្តើរៗរួចហើយដែរ៕