ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានលោក គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។

ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។

លោក គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

ក្រៅពីជួយដោះស្រាយ និងការពារក្តី «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ផងដែរ។ ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា សាលាដំបូង និងអយ្យការសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដាំកូនឈើក្នុងបរិវេណប្រាសាទអង្គរតូចផ្នែកខាងត្បូង។

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក៏បានជួយផ្តល់សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងស្ត្រីមេម៉ាយ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងបានប្រមូលថវិកាពីសមាជិក ជូនរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ផងដែរ៕


អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds