Robert O’Brien និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin Jr. ប៉ះកែងដៃគ្នា បន្ទាប់ពីជំនួបមួយនៅក្រសួងការបរទេសហ្វីលីពីន

(បរទេស)៖បើយោងតាមទីភ្នាក់ងារព័ត៌មាន Reutersហ្វីលីពីន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានធានាដល់ប្រទេសហ្វីលីពីននិងវៀតណាមដែលមានជម្លោះដែនសមុទ្រជាមួយចិនថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គាំទ្រពួកគេហើយនឹងប្រយុទ្ធដើម្បីរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឲ្យនៅសេរីនិងបើកចំហ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមលោក O’Brien បាននិយាយថា៖ «សាររបស់យើងគឺថា យើងនឹងនៅទីនេះ។ យើងគាំទ្រអ្នកហើយយើងនឹងមិនចាកចោលទេ»។
ប្រទេសវៀតណាមនិងហ្វីលីពីនគឺជាអ្នកប្រឆាំងលេចធ្លោជាងគេក្នុងតំបន់ ប្រឆាំងអ្វីដែលពួកគេមើលឃើញថា ជាការវាទីចូលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនិងការមិនគោរពព្រំដែនចែងនៅក្នុងច្បាប់សមុទ្រអន្តរជាតិ។
លោក O’Brien ដែលបានដឹកនាំការប្រគល់សព្វាវុធតម្លៃ ១៨ លានដុល្លារនៅទីក្រុងម៉ានីលនោះ បាននិយាយថា សហរដ្ឋអាមេរិកឈរជាមួយហ្វីលីពីនក្នុងការការពារសិទ្ធិទទួលបានធនធាននៅឈូងសមុទ្ររបស់ប្រទេសនេះ។

សហរដ្ឋអាមេរិកបានជំទាស់ជាយូរមកហើយចំពោះការទាមទារដែនសមុទ្រដ៏ធំរបស់ចិនដោយអាមេរិកបញ្ជូននាវាចម្បាំងធ្វើដំណើរទៀងទាត់តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រដើម្បីបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍នៅទីនោះ។ដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីប្រទេសហ្វីលីពីនបានផ្អាកកិច្ចព្រមព្រៀងទស្សនកិច្ចយោធា Visiting Forces Agreement ជាមួយសហរដ្ឋអាមេរិកជាលើកទីពីរ នៅពេលដែលសម្ព័ន្ធមិត្តនៃសន្ធិសញ្ញានេះរៀបចំកិច្ចព្រមព្រៀងការពារគ្នារយៈពេលយូរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds