លោក ត្រាំ បានបដិសេធមិនទទួលស្គាល់ការចាញ់ឆ្នោតឡើយ ដោយលើកឡើងថាការបោះឆ្នោតនោះរៀបចំផែនការទុកមុន
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យទៅកាន់គូប្រជែងរបស់គាត់ គឺលោក ចូ បៃដិន ដោយសរសេរថា៖ «លោក [ចូ បៃដិន] បានឈ្នះពីព្រោះការបោះឆ្នោតនេះជាការរៀបចំ»។ ប៉ុន្តែនៅក្នុងការបង្ហោះនៅពេលក្រោយបន្ទាប់មកទៀត លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ការបរាជ័យនេះទេ។ រ៉យទ័រនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ភ្លាមៗថា លោក ដូណាល់ ត្រាំ ហាក់ដូចជាបានទទួលស្គាល់ការឈ្នះរបស់លោក ចូ បៃដិន ជាលើកដំបូង ប៉ុន្តែគ្រាន់តែលោកនៅតែមិនទាន់ព្រមចុះចាញ់។
នៅក្នុងសារធ្វីតទ័រមួយផ្សេងទៀតប្រហែលមួយម៉ោងកន្លះក្រោយមកលោក ដូណាល់ ត្រាំ បានសរសេរថា៖«គាត់ [ចូ បៃដិន] បានឈ្នះតែនៅក្នុងក្រសែភ្នែករបស់កាសែតបំភ្លើស។ ខ្ញុំមិនទទួលចុះចាញ់! យើងមានអ្វីត្រូវធ្វើជាច្រើនទៀត។ ការបោះឆ្នោតនេះជាការរៀបចំទុក។» យ៉ាងណាលោក ចូ បៃដិន មិនបានអត្ថាធិប្បាយអ្វីទាក់ទងជាមួយការបង្ហោះរបស់លោក ដូណាល់ ត្រាំ នោះទេ។
គួរឱ្យដឹងដែរថាលោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកនឹងបន្តការតស៊ូផ្នែកច្បាប់របស់លោក ដោយលើកហេតុផលថាមានការក្លែងបន្លំនៅក្នុងការបោះឆ្នោត។ នេះបានរារាំងមន្រ្តីស៊ើបការណ៍សម្ងាត់ពីការធ្វើរបាយការណ៍សង្ខេបសម្រាប់ប្រធានាធិបតីជាប់ឆ្នោត ដែលនេះវាបង្កើនមានការព្រួយបារម្ភកាន់តែខ្លាំង សូម្បីតែក្នុងចំណោមគណបក្សសាធារណរដ្ឋខ្លះ៕