នាយករដ្ឋមន្រ្តីអង់គ្លេស ធ្វើចត្តាឡីស័កខ្លួនឯង ក្រោយបានទាក់ទងជាមួយអ្នក វិជ្ជមាន COVID-19

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីត្រូវបានមន្ត្រីប្រាប់ថា លោកបានទាក់ទងជាមួយអ្នក ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសាព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយ ថា «លោក Boris Johnson នឹងបន្តធ្វើការពីការិយាល័យ Downing Street រួមទាំងដឹកនាំរដ្ឋាភិបាលរបស់លោក ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះទៀតផង»។
សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា «លោក Johnson មានសុខភាពល្អធម្មតា និងមិនមានរោគសញ្ញាណាមួយនៃ COVID-19 ឡើយ»។ លោក Johnson បានជួបជាមួយសមាជិកសភាមួយក្រុមតូច រយៈពេលប្រហែលកន្លះម៉ោងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងនោះមានសមាជិកសភាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ លោក បូរីស ចនសុន ត្រូវបានគេដឹងថា ធ្លាប់ឆ្លងជំងឺ COVID-19 កាលពីចុងខែមីនា និងជាសះស្បើយឡើងវិញនៅខែមេសា។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានទទួលដំណឹងខាងលើនេះ ពីប្រព័ន្ធធ្វើតេស្ត និងតាមដានសេវាសុខភាពជាតិអង់គ្លេស នៅថ្ងៃអាទិត្យ ដោយបានប្រាប់លោកថា លោកគួរតែធ្វើចត្តាឡីស័កដោយខ្លួនឯងមួយរយៈសិន រួមទាំងគួរតែពន្យារពេលរៀបចំការប្រជុំផង ទើបជាការល្អ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds