មនុស្សចំនួន៧នាក់ដែលស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅអេហ្ស៊ីប ក្នុងនោះមានពលរដ្ឋអាមេរិក ចំនួន៥ នាក់ សិ្ថតក្នុងចំណោមកងរក្សាសន្តិភាព

(បរទេស)៖ កាលពីពេលថ្មីនេះកងកម្លាំងចម្រុះ និងអ្នកសង្កេតការណ៍ដែលឃ្លាំមើលកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-អេហ្ស៊ីបឆ្នាំ១៩៧៩បានបញ្ជាក់ពីការស្លាប់កងរក្សាសន្តិភាព៧នាក់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងបេសកកម្មធម្មតានៅឧបទ្វីបស៊ីណៃប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍។
កម្លាំងចម្រុះនិងអ្នកសង្កេតការណ៍នេះ បាននិយាយថា ជនរងគ្រោះក្នុងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិកនោះ រួមមានជនជាតិអាមេរិក៥នាក់ និងជនជាតិបារាំង និងឆែក។ ពួកគេមិនបានបង្ហាញឈ្មោះអ្នកស្លាប់ទេ ដោយរង់ចាំការជូនដំណឹងដល់ក្រុមគ្រួសារ។
ក្រុមចម្រុះនោះបន្ថែមថា អ្នកទី៨ដែលបានជិះលើឧទ្ធម្ភាគចក្រនោះដែរ និងជាជនជាតិអាមេរិកម្នាក់ បានរស់រានមានជីវិត ហើយត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យ។ កម្លាំងចម្រុះនោះនិយាយថា គ្មានការបង្ហាញថា ការធ្លាក់នោះបណ្តាលមកពីអ្វីផ្សេង«ក្រៅពីគ្រោះថ្នាក់ធម្មតានោះទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Chris Miller រដ្ឋមន្ត្រីស្តីទី បានចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការរំលែកទុក្ខចំពោះគ្រួសារអ្នកស្លាប់ នៅក្នុងសារតាមបណ្តាញ Twitter កាលពីថ្ងៃព្រហស្បតិ៍។
លោកបានសរសេរថា៖ «ខ្ញុំចូលរួមជាមួយពលរដ្ឋអាមេរិកទាំងអស់ក្នុងការផ្តល់កិត្តិយសដល់ការលះបង់របស់ពួកគេ ដូចដែលខ្ញុំបានរក្សាមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងការអធិស្ឋានរបស់ខ្ញុំដែរ»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds