ច្រឹង ពលរដ្ឋ មានក្តីស្រមៃនឹងជាប់ជម្រើសទៅ SEA Games សារជាថ្មី
ខ្សែបម្រើ ច្រឹង ពលរដ្ឋ ដែលខកខានឳកាសក្នុងការបង្ហាញខ្លួនលើកដំបូងសារជាថ្មី ក្រោយពីសម្រាកដោយសារបញ្ហារបួសជាងមួយឆ្នាំកន្លះ កាលពីចុងសប្តាហ៍នេះបានលើកឡើងថា សង្ឃឹមនឹងអាចជាប់ជម្រើសជាតិឈុតតូច ធ្វើដំណើរទៅលេងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games ម្តងទៀត។
ថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត ក្រសួងការពារជាតិ ឈ្នះលើ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ៤-២ ចុងសប្តាហ៍មុននេះ កីឡាករវ័យ២១ឆ្នាំខាងលើបានឲ្យដឹងថា៖
៉ លើកឡើងអំពីរបួស ខ្ញុំជា១០០% ហើយនឹងគិតថាអាចចូលលេងលើទីលានបានវិញ។ សម្រាប់ខ្ញុំគិតថា ប្រសិនបើគ្រូ (លោក ភា សុភ័ក្ត្រា) ផ្តល់ឳកាសឲ្យខ្ញុំបានលេងច្រើន ខ្ញុំសង្ឃឹមថាអាចនឹងជាប់ជម្រើសជាតិទៅលេង SEA Games ឆ្នាំនេះម្តងទៀត។ ៉
រម្លឹកមកវិញថា ប្រកួតលីគសប្តាហ៍កន្លងទៅ ច្រឹង ពលរដ្ឋ សឹងតែទទួលបានឳកាសក្នុងការបង្ហាញខ្លួនលើទីលានទៅហើយ ប៉ុន្តែដោយសារតែលោក ភា សុភ័ក្ត្រា គ្រូបង្គោលក្រុមក្រសួងការពារជាតិមិនបានដាក់ចូលទីលានវិញ ក៏ដោយសារតែកីឡាកររូបនេះ ធ្វើដំណើរមកកម្តៅសាច់ដុំយឺតរយៈពេលប្រហែល១០នាទី៕
អត្ថបទ៖ គឹមស្រ៊ិន